(បាត់ដំបង)៖ សហគមន៍ផលិតស្រូវចំនួន៨ នៅតាមបណ្ដាស្រុក ក្នុងខេត្តបាត់ដំបង រួមមាន៖ ស្រុកមោងឫស្សី ស្រុកបាណន់ ស្រុកសង្កែ បានចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ (SRP) ជាមួយក្រុមហ៊ុន AMRU Rice នូវប្រភេទស្រូវក្រអូប ដែលការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់អង្គការ CIRD។
ក្នុងពិធីចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវក្រអូបនេះ មានដូចជា ស្រូវផ្ការំដួល និងស្រូវសែនក្រអូប ដោយក្នុងឆ្នាំ២០២០នេះ ការចុះកិច្ចព្រមព្រៀងក្នុងទំហំស្រូវចំនួន១៥,០០០តោន សម្រាប់តម្លៃវិញ គឺមានតម្លៃមួយសមរម្យជាក់លាក់។
លោក ឈឹម វជិរ៉ា បានបញ្ជាក់ថា «ការចុះកិច្ចព្រមព្រៀងលើការលក់ និងទិញស្រូវរបស់ក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍ផលិតស្រូវ នៅក្នុងខេត្តបាត់ដំបង រហូតមកដល់ពេលនេះ សរុបទាំងអស់មានចំនួន ៦២កិច្ចសន្យាហើយ ដោយរាប់ទាំងសហគមន៍ចំនួន៨នេះផងដែរ»។
នាឱកាសអញ្ជើញធ្វើជាសាក្សីក្នុងការចុះកិច្ចព្រមព្រៀងលោក គង់ ភាជ ប្រធាននាយកដ្ឋានឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងរវាង ភាគីកសិករ និងអ្នកទិញស្រូវនាពេលនេះ បានបង្ហាញពីការរីកចម្រើននៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរកទីផ្សារជូនកសិករ ហើយវាក៏បានផ្ដល់ឱកាស សម្រាប់កសិករនៅតាម តំបន់ផ្សេងៗទៀតផងដែរ។
លោកបានជំរុញដល់ភាគីសហគមន៍ផលិតស្រូវទាំង៨ ត្រូវខិតខំផលិតស្រូវឲ្យស្របតាមការកម្មង់របស់ក្រុមហ៊ុនទាំងបរិមាណ គុណភាព ហើយជំរុញដល់ភាគីក្រុមហ៊ុន AMRU Rice បន្តជួយទិញស្រូវរបស់កសិករនៅកន្លែងផ្សេងទៀតក្នុងតម្លៃសមរម្យ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកឡើងថា នៅក្នុងខេត្តបាត់ដំបងក្នុងមួយឆ្នាំៗការបង្កបង្កើនផលស្រូវទទួលបានទិន្នផលច្រើន រហូតក្នុងមួយឆ្នាំអាចផលិតអង្ករបានជាង១លានតោន។
លោកបានបន្តថា ការផលិតស្រូវក្រអូប និងការរកទីផ្សារជូនកសិករលក់ស្រូវក្រអូបនេះ ក៏ស្ថិតក្នុងគម្រោងអេមរបស់រាជរដ្ឋាភិបាល ខណៈដែលខេត្តបាត់ដំបង មានកសិករជាច្រើនបានខ្ចីថវិកាពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈការសម្របសម្រួលពីគម្រោងអេម ដើម្បីផលិតនូវស្រូវក្រអូបនេះផងដែរ៕