(កោះកុង)៖ លោក ទូច សុផាន់នី ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា បន្ទាប់ពីបង្កើតជាសហគមន៍អេកូទេសចរណ៍ជីផាត ចាប់តាំងពីឆ្នាំ២០០៧មក បានប្រែមុខមាត់តំបន់ដាច់ស្រយាលនេះយ៉ាងខ្លាំង គឺបានកាត់បន្ថយការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋស្ទើរតែ១០០ភាគរយ ក៏ប៉ុន្តែក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ តំបន់អេកូទេសចរណ៍ជីផាត នៅតែជាមុខព្រួញសម្រាប់ភ្ញៀវទេសចរជាតិ បើទោះបីភ្ញៀវបរទេសធ្លាក់ចុះបន្តិចក៏ដោយ។
បើតាមលោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងដំណើរដឹកនាំប្រតិភូទស្សនកិច្ចខេត្តកោះកុង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា វាជាជោគជ័យមួយរបស់សហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានប្រែក្លាយតំបន់ដែលទទួលរងការបំផ្លាញធនធានធម្មជាតិ ហើយប្រជាពលរដ្ឋងាកមកចូលរួមថែរក្សាការពារវិញ។ នេះបង្ហាញថាពួកគាត់បានយល់ដឹងពីតម្លៃធនធានធម្មជាតិ ដែលជាកំណប់មហាសាលមិនអាចកាត់ថ្លៃបាន។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា គោលបំណងរបស់រាជរដ្ឋភិបាលកម្ពុជា គឺធ្វើយ៉ាងណាប្រែក្លាយតំបន់ការពារធនធានធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ឱ្យក្លាយជាកន្លែងទេសចរណ៍ធម្មជាតិ។
លោក នេត្រ ភក្ត្រា ក៏បានពន្យល់ជុំវិញបញ្ហានេះយ៉ាងដូច្នេះថា៖ «ការការពារបាននូវតំបន់ធនធានធម្មជាតិ គឺមានន័យថា យើងមានសុវត្ថិភាពមួយ ក្នុងការបង្កើតប្រភពចំណូលជូនប្រជាពលរដ្ឋ។ អីចឹងហើយការកែប្រែពីតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលទៅជាកន្លែងទេសចរណ៍ទី១៖ គឺការបង្កើនចំណូល និងទី២៖ គឺការចូលរួមអភិរក្ស ហើយចំណុចនេះ ការគិតអំពីនិរន្តភាពនៃការការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង»។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា ការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការថែរក្សាការពារ ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។
ទន្ទឹមនឹងនេះដដែរ លោកក៏បានបង្ហាញការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់កន្លងមក របស់អាជ្ញាធរដែនដី និងភាគីដែលពាក់ព័ន្ធ នៅក្នុងតំបន់ការធម្មជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ ដោយក្នុងនោះក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើកការពារពារ សក្តានុពលបរិស្ថាន និងធនធានធម្មជាតិ ក្នុងតំបន់ឧទ្យានជាតិក្រវាញខាងត្បូង តាតៃ និងក្រវាញកណ្តាល។
លោកបានចាត់ទុកថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចីរភាព។ ជាមួយគ្នាក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងបរិស្ថាន ។
លោករដ្ឋលេខាធិការបានលើកឡើងថា «បច្ចុប្បន្ននេះ យើងមានតំបន់ការពារធម្មជាតិចំនួន៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧.៣លានហិកតា ដែលទំហំដ៏ធំនេះ ជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តភាពការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តំកល់ជូនឧត្តមប្រយោជន៍ដល់ ជំនាន់ក្រោយ»។
លោក ទូច សុផាន់នី ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជាក់ស្តែងផលប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩ មិនប៉ះពាល់តែស្រុកខ្មែរយើងនោះទេ គឺនៅទូទាំងពិភពលោក ប៉ុន្តែ អ្វីដែលជាភ័ព្វសំណាងរបស់សហគមន៍អេកូទេសចរណ៍ជីផាត យើងឃើញថា៣០ភាគរយនៃចំនួនភ្ញៀវទេសចរ គឺទេសចរក្នុងស្រុក អីចឹងហើយនៅពេលដែលប៉ះពាល់ពីជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តមកកម្សាន្ត ទោះបីមិនបានមកទាំងស្រុងក៏ដោយ ហើយការចំណាយរបស់ភ្ញៀវខ្មែរ មិនចាញ់ភ្ញៀវបរទេសនោះទេ»។
លោក ទូច សុផាន់នី បានឱ្យដឹងថា ក្រោយបង្កើតជាសហគន៍មក ប្រជាពលរដ្ឋនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានងាកមកប្រកបរបរដាំដំណាំ នាំភ្ញៀវទេសចរដើរកម្សាន្ត និងប្រកបរបរផ្សេងៗទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។
ពាក់ព័ន្ធក្នុងរឿងនេះដែរ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា តាមរយៈការបង្កើតតំបន់ជីផាត់ ឱ្យក្លាយជាកន្លែងអេកូទេសចណ៍នេះ ធ្វើឱ្យជីវភាពប្រជាជនសហគមន៍ បច្ចុប្បន្នផ្លាស់ប្តូរថ្មី ហើយប្រជាពលរដ្ឋដែលធ្លាប់ពឹងអាស្រ័យតែទៅលើការកាប់ព្រៃឈើ បរបាញ់សត្វក៏បានផ្លាស់ប្តូរមកប្រកបរបរបែបទេសចរណ៍វិញ។
លោកលោក អន សុវណ្ណ បានបន្តថា ប្រជាពលរដ្ឋក្នុងសហគមន៍បាននាំគ្នាចេះថែររក្សាបរិស្ថាន និងអនុវត្តអនាម័យល្អសំដៅធ្វើយ៉ាងឱ្យតំបន់ទីនេះ ក្លាយជាកន្លែងទេសចរណ៍យ៉ាងសំខាន់ ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
ដោយឡែក លោក ម៉ៅ ស្រស់ ជាប្រជាសហគមន៍បានលើកឡើងថា កាលពីមុនប្រជាពលរដ្ឋរស់នៅទីនេះ បានពឹងអាស្រ័យសំខាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិត គឺអនុផលព្រៃឈើ ប៉ុន្តែ បច្ចុប្បន្ននេះពួកគាត់បានផ្លាស់ប្តូរច្រើន បន្ទាប់ពីចូលជាសហគមន៍ក្នុងនេះ ពួកគាត់កែប្រែពីការកាប់ព្រៃឈើមកបង្កើតមុខរបរ លើវិស័យទេសចរណ៍វិញដូចជា៖ សេវ៉ាទូក សេវ៉ាម៉ូតូឌុប សេវ៉ាលក់ម្ហូបអាហារ លក់របស់របរ ធ្វើផ្ទះសំណាក់ដល់ភ្ញៀវទេសចរជាដើម។
អ្នកស្រី ឡុង ចាន់ ជាប្រជាសហគមន៍មួយរូបទៀត បានបង្ហាញមោទកភាពពីតំបន់នេះ បច្ចុប្បន្នដែលជាតំបន់ទេសចរណ៍មួយ។ ទីនេះមិនត្រឹមតែជួយរកចំណូល ដល់ជីវភាពអ្នកស្រី តាមរយៈភ្ញៀវទេសចរទេ ប៉ុន្តែក៏ជាទឹកដីស្រស់ស្អាតបែបធម្មជាតិ គួរជាទីរស់នៅថែមទៀត។
គួរបញ្ជាក់ថាតំបន់សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងស្រស់ស្អាតគួរឱ្យចង់ទស្សនាកម្សាន្តចំនួន១៥កន្លែង ក្នុងនោះរួមមាន៖ មើលថ្ងៃលិច មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត ផ្នូរបុរាណ និងពាងបុរាណ ដែលមានអាយុកាលជាង៥០០ឆ្នាំ រូងប្រចៀង អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃជាដើម៕