(កោះកុង)៖ កម្ពុជាបាននឹងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូន ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនានា ដែលកម្ពុជាមាននៅសេសសល់បរិមាណច្រើន ហើយបើគិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១.៦លានដុល្លារ។
នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសដែលលោកបានដឹកក្រុមអ្នកសារព័ត៌មានជិត២០ស្ថាប័ន ចុះបំពេញបេសកកម្ម នៅក្នុងតំបន់ការពារធម្មជាតិភ្នំក្រវាញខាងត្បូង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ឱ្យដឹងថា៖ «ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១.៦លានដុល្លារអាមេរិក។ ការរក្សាឈើឈរដើម្បីលក់តួនាទីនៃព្រៃឈើ ដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ី ហើយបង្ហាញពីការធានាបាននូវការការពារធនធានធម្មជាតិពីការកាប់បំផ្លាញ និងទន្ទ្រានកាន់កាបដីព្រៃក្នុងកម្រិតខ្ពស់បំផុត […] កម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសសល់បរិមាណច្រើន»។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ទីតាំង៣កន្លែង ដែលកម្ពុជាលក់កាបូនបានក្នុងនោះក៏មានដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។
លោកបានបន្តថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ នៅក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ លោកបន្ថែមថា មុននឹងទិញឥណទានកាបូននេះ គឺមានការវាយតម្លៃច្បាស់លាស់ ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារធម្មជាតិដែលសំបូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ការសម្រេចទិញឥណទានកាបូនពីកម្ពុជា របស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។ អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាម រយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដី តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកា ដែលបានមកពីការលក់ឥណទានកាបូន ត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ច សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់នោះ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមទៀតថា ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។ ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧.៣លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ៕