(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថៃអនុញ្ញាតឲ្យអាជីវករខ្មែរ ចូលលក់ដូរនៅផ្សាររុងក្លឿឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកក្កដាខាងមុខ តែត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដែលបានកំណត់ ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ហើយរថយន្ដដឹកទំនិញអនុញ្ញាតឲ្យចេញចូលមួយថ្ងៃ៥០គ្រឿង។

ក្នុងកិច្ចប្រជុំនៅសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលចូលមកដឹកទំនិញ ក្នុងមួយថ្ងៃៗ ត្រូវចូលតាមផ្លូវដែលកំណត់យ៉ាងតឹងរឹង និងអនុញ្ញាតឲ្យស្ថិតក្នុងបរិវេនរបស់ខ្លួនប៉ុណ្ណោះ ព្រមទាំងមានការកំណត់ពេលវេលាជាក់លាក់ សម្រាប់ដឹកជញ្ជូនទំនិញរបស់ខ្លួន និងការណែនាំដែលគួរអនុវត្តអនុញ្ញាត ចំពោះតែការដឹកជញ្ជូនទំនិញនៅក្នុងផ្សាររុងក្លឿ។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ចំពោះម្ចាស់តូបទំនិញមុននឹងធ្វើដំណើរត្រឡប់ទៅវិញ ត្រូវពិនិត្យ និងបិទប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវ មុននឹងចាកចេញដើម្បីជៀសវាងមានអគ្គិសនីឆាបឆេះ ប្រសិនបើមានការល្មើសនឹងច្បាប់ ឬបទបញ្ជាភ្នាក់ងារប្រតិបត្តិមានតួនាទីប្រចាំការ និងធ្វើការបញ្ឈប់សកម្មភាពនេះភ្លាមៗ។

ដោយឡែក សម្រាប់រថយន្ដដឹកទំនិញវិញ អាជ្ញាធរថៃ អនុញ្ញាតឲ្យរថយន្ដមួយគ្រឿង មានមនុស្ស២នាក់ប៉ុណ្ណោះ រួមមាន អ្នកបើកបរ និងព្រូ។ លោក ង៉ោ ម៉េងជ្រូន បានឲ្យដឹងទៀតថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវបង្ហាញឯកសារចេញ និងចូលប្រទេសរហូតទាល់តែបានធ្វើលិខិតបញ្ជាក់ពីទំនិញ និងបញ្ជាក់ពីកន្លែងចំណត ទីតាំងបញ្ជូនទំនិញឲ្យបានជាក់លាក់។

សម្រាប់អ្នកចេញចូល ត្រូវពាក់ឧបករណ៍ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសឲ្យបានជាប្រចាំ និងមានវាស់កំដៅសិន ទើបអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់បែបបទ ក្នុងការស្នើរសុំអនុញ្ញាតឆ្លងកាត់សេចក្តីលម្អិតទាក់ទង និងយានយន្ត៕