Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទើបឡើងកាន់នាយប៉ុស្តិ៍៤ថ្ងៃ បញ្ចេញស្នាដៃបង្ក្រាបមេក្លោងជួញដូរដុះស្លែម្នាក់ នៅត្រពាំងក្រសាំង ដកហូតថ្នាំញៀន៦កញ្ចប់

10-07-2020 16:07

(ភ្នំពេញ)៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ធ្វើការស្រាវជ្រាវរហូតទទួលបានព័ត៌មានពីមហាជន ក៏បានចុះឃាត់ខ្លួនបាន នាវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ ឈ្មោះ ម៉ាង ផល្លា ហៅ ង៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ហើយនគរបាលដកហូតថ្នាំញៀន ចំនួន៦កញ្ចប់តូចផងដែរ។

នគរបាលខាងលើ បានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ដឹកនាំដោយលោក នាង ឧត្តម ដែលជានាយប៉ុស្តិ៍ទើបឡើងថ្មី បានធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានសង្កាត់ខាងលើ។ ខណៈនោះស្រាប់តែទទួលបានព័ត៌មាន ពីមហាជនល្អមកថា មានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន បានធ្វើសកម្មភាពជួញដូរចែកចាយរាល់ថ្ងៃ នៅនិងផ្ទះរបស់ខ្លួន។

ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះ លោកនាយប៉ុស្តិ៍ ក៏បានដឹកនាំកម្លាំងចុះទៅកាន់ទីតាំង ដែលមហាជនរាយការណ៍ប្រាប់នោះ ហើយបានឃើញជនសង្ស័យ ខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅក្នុងរោងមួយស្ថិតនៅមុខផ្ទះ។ ខណៈនោះកម្លាំងក៏បានចូលទៅធ្វើការឆែកឆេរ រកឃើញគ្រឿងញៀនចំនួន៦កញ្ចប់ ទើបចាប់ខ្លួននាំទៅធ្វើការសាកសួរ នៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងចាតការតាមច្បាប់តែម្ដង៕