(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ របស់ក្រសួងការបរទេសថា៖ ក្រុមហ៊ុនយន្តហោះ ជប៉ុន All Nippon Airway (ANA) នឹងចាប់ផ្តើមធ្វើការហោះហើរ ដោយត្រង់ទៅ-មក តូក្យូ-ភំ្នពេញ-តូក្យូ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦តទៅ ដោយប្រើប្រភេទយន្តហោះ B787-8 (C42/Y198) តាមកម្មវិធីហោះហើរ៖
ក្រុមហ៊ុនយន្តហោះ ជប៉ុន All Nippon Airway បានប្រកាសម៉ោងហោះហើរ ដូចខាងក្រោម៖
Tokyo(Narita) – Phnom Penh 10:50 15:10
Phnom Penh – Tokyo(Narita) 22:50 06:45 (+1)
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងបន្ថែមថា៖ ការហោះហើរដោយត្រង់នេះ នឹងបង្កើនចំនួនអ្នកទេសចរជប៉ុន កាន់តែច្រើន ធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដូចជាអ្នកទេសចរកម្ពុជា ទៅជប៉ុនផងដែរ។ ដោយសព្វថ្ងៃនេះកម្ពុជា និងជប៉ុន បានសម្រួលគ្នាទៅវិញទៅមក នូវទិដ្ឋាការចេញ - ចូល រយៈពេលវែងពី១ឆ្នាំ រហូតដល់ ៣ឆ្នាំ សម្រាប់អ្នកទេសចរ និងអ្នកវិនិយោគ ដូចនេះអ្នកទេសចរកម្ពុជា នឹងបង្កើនបន្ថែមទៀត នៃការធ្វើដំណើរទេសចររបស់ខ្លួន ទៅកាន់ប្រទេសជប៉ុន៕