(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា អនុប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល តំណាងប្រធានកិតិ្តយស និងប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាលនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារនាំយកថវិកា ទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីមរណៈចំនួន២គ្រួសារ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងពិធីប្រគល់ថវិកាទាំងនេះក៏មានការចូលរូមផងដែរពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ប្រធានក្រុមប្រឹក្សាស្រុកប្រធាន រដ្ឋបាលសាលាស្រុក អាជ្ញាភូមិឃុំ និងអតីតយុទ្ធជនជាច្រើនរូបទៀត។ លោក សំ តុលា បាននាំយកថវិកាសមាគមន៍អតីតយុទ្ធជន សរុបចំនួន៨លានរៀល និងអំណោយមួយចំនួនជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីមរណៈចំនួន២គ្រួសារ រួមមាន គ្រួសារទី១ មានឈ្មោះ សៅ សារ៉ាយ រស់នៅភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (និវត្តន៍ជនស្លាប់) និងគ្រួសារទី២ មានឈ្មោះ ពៅ ហ៊ិន រស់នៅភូមិស្តៅ ឃុំដីឥដ្ឋ និវត្តន៍ជនស្លាប់)។ ១គ្រួសារទទួលបានថវិកា ៤.០០០.០០០រ (៤លានរៀល) មី១កេស អង្ករមួយបាវទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១ឡូតិ៍។ ដោយឡែក និវត្តន៍ជន និងអតីតយុទ្ធជនពិការ ដែលបានអញ្ជើញចូលរួមចំនួន៤០នាក់ផ្សេងទៀត ក្នុងម្នាក់ៗ ទទួលបានអំណោយជាថវិកាចំនួន៥០០០០រៀលផងដែរ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សំ តុលា បានពាំនាំនូវការ ផ្តាំផ្ញើសាកសួសុខទុក្ខ និងការថ្លែងអំណរអរគុណដល់អតីតយុទ្ធជន (ន.ប អ.ហ និងយោធា) ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រម ជាមួយ ក្រុមគ្រួសារសព ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបំរើជាតិ ប្រជាជន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ ស.អ.ក លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិតិ្តយស សមាគមអតីត យុទ្ធជនកម្ពុជាខេត្ត និងលោក ឈៀ ស៊ីដារ៉ា ប្រធានអតីតយុទ្ធជនខេត្ត។
លោក សំ តុលា បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងនោះថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះក្រោមការ ដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេសជាតិមានការរីកចំរើនយ៉ាងខ្លាំងលើគ្រប់វិស័យហើយជីវភាព ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក៏មានភាពល្អប្រសើរផងដែរ។ សម្រាប់ខេត្តកណ្តាលលោកបណ្ឌិត ម៉ៅ ភិរុណ ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលាគ្រប់ទីកន្លែងរួមទាំងក្រុមគ្រួសារអតីត យុទ្ធជន ពលី មរណ ពិការនិងនិវត្តន៍ជន មិនអាចបោះបង់ បងប្អូនចោល បានទេ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ សំ តុលា ជាមេបញ្ជាការអាវុធហត្ថខេត្តកណ្តាលផងនោះបានដាក់បទបញ្ជា ដល់កងកម្លាំងអាវុធហត្ថ របស់ខ្លួនចូលរួមសហការជាមួយ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានពង្រឹងបញ្ហាសន្តិសុខកាន់តែខ្លាំង ជូនប្រជាពលរដ្ឋ៕