កំពង់ផែស្វយ័តក្រុងភ្នំពេញរកចំណូលបានជាង១៤លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ (Video inside)
10-07-2020 14:13
(ភ្នំពេញ)៖ របាយការណ៍ផ្លូវការមួយរបស់កំពង់ផែក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២០ កំពង់ផែក្រុងភ្នំពេញរកចំណូលបាន៥៧ ៣២៣ ៦៩១ ២៥៣ រៀល ស្មើនឹង ១៤ ០៦៣ ៧១២ដុល្លារ។
ប្រភពចំណូលរបស់កំពង់ផែភ្នំពេញ រួមមានចំណូលបានពីការលើកដាក់ទំនិញ ចំណូលបានពីសេវាដឹកជញ្ជូន និងចំណូលផ្សេងៗទៀត។
នៅឆមាសទី១ ឆ្នាំ២០២០នេះ បរិមាណទូរកុងតឺន័រដឹកជញ្ជូនទំនិញចេញចូល តាមកំពង់ផែក្រុងភ្នំពេញ មានចំនួន ១៣៥,៦០១ TEUs (ទូរ) កើនឡើង១៣% បើធៀបនឹងរយៈពេលដូចគ្នាមានតែ ១២០,០៩០ TEUs ប៉ុណ្ណោះ។
សម្រាប់ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញវិញ មានចំនួន១,៧៩៦,៦៥០តោន ធ្លាក់ចុះ៤%។ នាវាផ្ទុកទំនិញឆ្លងការកំពង់ផែ មានចំនួន១១៣៥គ្រឿង កើនឡើង១%, ទទួលនាវាទេសចរណ៍ចំនួន១២៦ជើង ធ្លាក់ចុះ២៨% និងបរិមាណអ្នកដំណើរ មានចំនួន៩៧៣៣នាក់ ធ្លាក់ចុះ៣៨%៕