(សៀមរាប)៖ សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។ សំណង់ទ្វារទឹកនេះ អាចផ្តល់ទឹកស្រោចស្រពដំណាំចម្ការ ស្រែប្រាំងបានជាង១ពាន់ហិកតា ត្រូវបានរំពឹងថា នឹងជួយកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំដូនកែវ ឲ្យមានភាពល្អប្រសើរមួយកម្រិតទៀត តាមរយៈការដាំដំណាំ ឬ ធ្វើស្រែប្រាំង។
អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានលើកឡើងក្នុងពិធីដាក់ឲ្យប្រើប្រាស់សំណង់ទ្វារទឹកនេះថា ការស្តារប្រព័ន្ធទឹកបុរាណឡើងវិញ មិនត្រឹមតែជួយទប់ស្កាត់ទឹកជំនន់ ឬ គ្រោះរាំងស្ងួតប៉ុណ្ណោះទេ តែការងារនេះ បានជួយដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ សំណង់ទ្វារទឹកនេះ នឹងអាចជួយដល់ការធ្វើស្រែប្រាំង ឬ ដាំដំណាំរបស់ប្រជាពលរដ្ឋចំនួន ៦ភូមិ ដែលមានផ្ទៃដីដាំដុះជាង ១ពាន់ហិកតា។
សំណង់ទ្វារទឹក ដ៏ថ្មីស្រឡាងនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ព្រោះថា កន្លងមក ប្រជាពលរដ្ឋរស់នៅខាងជើងបារាយណ៍ទឹកថ្លា មិនធ្លាប់មានប្រភពទឹកសម្រាប់ប្រើប្រាស់ទេ។ ពេលនេះ អាជ្ញាធរជាតិអប្សរាបាននាំយកទឹកចូលដល់ភូមិដ្ឋានប្រជាពលរដ្ឋតែម្តង។
លោក ស្វាយ ហុង មេឃុំដូនកែវលើកឡើងថា ប្រជាពលរដ្ឋនៅឃុំរបស់លោកតាំងពីដើមមក មានមុខរបរតែមួយគត់ គឺធ្វើស្រែវស្សា ហើយដាំដំណាំបានតិចតួចប៉ុណ្ណោះ ដោយសារគ្មាប្រភពទឹក។
ក្រោយពេលមានទ្វារទឹកនេះ លោក ស្វាយ ហុង បានសម្តែងក្តីរំពឹងថា អាចនាំទឹកមកទុកប្រើប្រាស់ សម្រាប់ដាំដំណាំកសិកម្មផ្សេងៗនារដូវប្រាំង និងអាចនាំមកនូវការកែប្រែមុខមាត់ថ្មីរបស់អ្នកភូមិ។
លោក ទស្ស សុមនាថ ប្រធាននាយកដ្ឋានស្តីទី និងជាអ្នកអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និង បេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA បានបញ្ជាក់ថា នឹងជំរុញប្រជាពលរដ្ឋឲ្យប្រើប្រាស់ទឹកប្រឡាយ ឲ្យអស់លទ្ធភាពសម្រាប់ដំណាំកសិកម្ម។ ព្រមទាំងជួយ ជីកប្រឡាយតូចៗចេញពីប្រឡាយមេ ឬបូមទឹក ដោយប្រើថាមពលពន្លឺព្រះអាទិត្យ (ផ្ទាំងសូឡា) ដើម្បីបញ្ជូនទឹកទៅដល់ស្រែ ឬចម្ការរបស់ពួកគាត់។
សូមបញ្ជាក់ថា ប្រឡាយទឹកនេះ ជាប្រឡាយដែលបំបែកចេញពីស្ទឹងសៀមរាប ហូរចាក់ទៅស្ទឹងព្រះស្រុក ដែលអាជ្ញាធរជាតិអប្សរាបានស្តារឡើងវិញ ក្នុងន័យបញ្ចៀសទឹកជំនន់ចេញពីតំបន់ឧទ្យានអង្គរ និង ក្រុងសៀមរាប ហើយក៏ជាប្រភពស្រោចស្រព ដ៏សំខាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល។
ប្រឡាយនេះ មានប្រវែងសរុប ៥២គីឡូម៉ែត្រ បច្ចុប្បន្នការស្តារឡើងវិញសម្រេចបាន ៣៨គីឡូម៉ែត្រ។ មិនត្រឹមតែប្រឡាយទេ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ស្ពាន ផ្លូវ និង សំណង់ទ្វារទឹកជាដើម ក៏ត្រូវបានសាងសង់ដំណាលគ្នា ដើម្បីសម្រួលការធ្វើចរាចរ និង ទប់ទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ៕