Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្វាយរៀង ក្រើនរម្លឹកប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ឡើយ

10-07-2020 12:16

(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងក្រើនរម្លឹកប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហា ប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ ជាមួយរាជរដ្ឋាភិបាលយើង។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងបែបនេះនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលលោក និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរា ២៣ គ្រួសារ ជនពិកា ៣នាក់ ស្ត្រីមេម៉ាយ ១៤គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១៨គ្រួសារ) សរុប៥៨គ្រួសារ ក្នុងស្រុកស្វាយទាប មកពីឃុំរមាំងថ្កោល ១៥គ្រួសារ ស្វាយរំពារ ១៤គ្រួសារ គគីសោម ១៥ គ្រួសារ និងឃុំព្រៃតាអី ១៤គ្រួសារ។

លោក ម៉ែន វិបុល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចបានយកចិត្តទុក្ខ ដាក់ខ្ពស់ បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

លោកប្រធានគណៈកម្មាធិការសាខាក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូន បានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផលដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ម្យ៉ាងវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើការអប់រំកូនចៅ ជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ទាំង៥៨គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ក្រមា១សាប៊ូ២ដុំ អាវយឺត២ម៉ាស់១ និងថវិកា ៤០,០០០រៀល៕