(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ និងជាព្រះរាជតំណាងរបស់ព្រះករុណា បានអញ្ជើញពិនិត្យសកម្មភាពជីកស្រះទឹកដ៏ធំមួយកន្លែង ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្ត្រជាបងប្អូន កូនចៅរបស់ព្រះអង្គ មានទីតាំងស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
សកម្មភាពចុះត្រួតពិនិត្យនេះធ្វើឡើងនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការរួមដំណើរពីលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។
ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំងបានអញ្ជើញពិនិត្យលទ្ធផលការងារដ៏ប្រសើររបស់ក្រុមសម្តេចឪលើការជីកស្តារស្រះទឹក ព្រះរាជអំណោយដ៏ឧត្តុងឧត្តមមួយកន្លែងនេះ ដែលមានទំហំ ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ និងជម្រៅប្រវែង ៣ម៉ែត្រ ដែលក្រុមសម្តេចឪបានដំណើរការជីកស្តារចាប់តាំងពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ សម្រេចបានលទ្ធផលប្រមាណ ៤០% ហើយ។
គួរបញ្ជាក់ជូនថា ការជីកស្រះទឹកមួយកន្លែងនេះ គឺត្រូវបានជីកស្តារនៅលើអាងទឹកបុរាណដែលមានឈ្មោះថា អាងព្រះស្រែធំ បានកសាងឡើងនៅក្នុងឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាស្ថាបនាជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អាងព្រះស្រែធំនេះមានទំហំបណ្តោយ ៤៥០ម៉ែត្រ និងទទឹង ២២៥ម៉ែត្រ។ អាស្រ័យដោយអាងនេះមានសភាពគោករាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ប្រោសព្រះរាជទានឱ្យសម្តេចចៅហ្វាវាំងចាត់ចែងមន្ត្រីក្រុមសម្តេចឳធ្វើការស្ថាបនា ដើម្បីជាឧត្តមប្រយោជន៍នៃការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រមានចំនួន ៤ភូមិ ក្នុងឃុំស្នឹង ស្រុកបាណន់ មានការងាយស្រួលនៅក្នុងរដូវប្រាំង ដោយពុំចាំបាច់ដឹកជញ្ជូនទឹកពីទីឆ្ងាយមកទទួលទាន និងប្រើប្រាស់បម្រើក្នុងជីវភាពប្រចាំថ្ងៃ។
ការប្រោសព្រះរាជទានព្រះរាជអំណោយជាស្រះទឹកដ៏ធំនេះ ពិតជាបានធ្វើឲ្យបងប្អូនប្រជារាស្ត្ររស់នៅក្នុងភូមិចំនួន៤ របស់ឃុំស្នឹង ស្រុកបាណន់ ដែលខ្វះប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងពេលកន្លងមក មានលក្ខណៈងាយស្រួលក្នុងការនាំយកទឹកមកទទួលទានបម្រើការងារផ្សេងៗ និងការប្រកបរបរកសិកម្មដាំដុះដំណាំផ្សេងៗផងដែរ។
ការប្រោសព្រះរាជទាននូវព្រះរាជអំណោយជាស្រះទឹក តាមរយៈចលនាដ៏ល្អប្រពៃរបស់ក្រុមសម្តេចឪ គឺមានកិច្ចដំណើរការយ៉ាងល្អវិសេសវិសាល ស្របគ្នាទៅនឹងការប្រោសព្រះរាជទានព្រះរាជសមទ្ធិផលដ៏ឧត្តុងឧត្តមដទៃទៀត ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានជារៀងរាល់ខែរាល់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេសប្រជារាស្រ្តរស់នៅតាមតំបន់ទីជនបទឆ្ងាយៗឲ្យមានជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
ប្រជារាស្ត្ររស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង សូមក្រាបបង្គំថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះ និងសូមបួងសួងដ៏គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃវត្ថុសក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសព្រះទាននូវព្រះពរជ័យ សិរីមង្គលដ៏បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕