(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ និងជាព្រះរាជតំណាងរបស់សម្តេចព្រះមហាក្សត្រិយ៍ផងនោះ បានចុះពិនិត្យសកម្មភាពកសាងអគារសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឳ សម្តេចម៉ែ ភ្នំសំពៅ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រិយ៍ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់កូនចៅ ចៅទួតរបស់ព្រះអង្គ។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមអមដំណើរពីសំណាក់លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា ព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ សម្តេចឳ សម្តេចម៉ែ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនូវសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឳ សម្តេចម៉ែ ភ្នំសំពៅ នៅឆ្នាំ១៩៥៧ នាសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង។
អាស្រ័យដោយព្រះរាជសមិទ្ធផលនេះ មានសភាពចាស់ឌ្រុទឌ្រោមមិនអាចឱ្យសិស្សានុសិស្សដំណើរការរៀនសូត្រតទៅមុខទៀតបាននោះ សម្តេចព្រះមហាក្សត្រិយ៍ ព្រះអង្គមានព្រះរាជតម្រិះប្រោសព្រះរាជទានឱ្យសម្តេចចៅហ្វាវាំង គង់ សំអុល ដឹកនាំចាត់ចែងមន្ត្រីក្រុមសម្តេចឳកសាងអគារសិក្សាថ្មីនៅលើទីតាំងអគារសិក្សាចាស់ ដែលបានបន្សល់ទុកតាំងពីក្នុងសម័យសង្គមរាស្រ្តនិយម។
ចំពោះគម្រោងនៃការកសាងអគារសិក្សាថ្មីដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះអង្គប្រោសព្រះរាជទាននូវការសាងសង់តាមរយៈក្រុមសម្តេចឳនៅក្នុងពេលនេះ មានអគារធ្វើអំពីបេតុងចំនួន ១ខ្នង ២ជាន់ ស្មើនឹង ២០បន្ទប់ ក្នុងនោះបណ្តោយប្រវែង ៩៤.៥៦ម៉ែត្រ ទទឹង ៩ម៉ែត្រ។ អគារនេះត្រូវបានរៀបចំជាថ្នាក់រៀនចំនួន ១៥បន្ទប់ និង ៥បន្ទប់ទៀត បានរៀបចំជាបណ្ណាល័យ និងមន្ទីរពិសោធន៍។ ក្រៅពីនេះមានសាងសង់នៅព្រះរាជសមិទ្ធផលមានអាងទឹកមួយកន្លែងកម្ពស់ ៨ម៉ែត្រ ចំណុះ ៩,០០០លីត្រ បង្គន់អនាម័យ ១ខ្នង ស្មើនឹង ៦បន្ទប់ទៀតផង។
ព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលជាអគារសិក្សាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រិយ៍ គឺជាព្រះរាជកិច្ចដ៏វិសេសវិសាលមួយដែលព្រះអង្គ បានគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនឧត្តុងឧត្តមបំផុត ដង្ហែតាមព្រះរាជគំរូវីរភាពដ៏ថ្លៃថ្លារបស់ព្រះវររាជបិតាអប់រំសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រោសព្រះរាជទាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្រ្តនៅក្នុងមូលដ្ឋានទាំងឡាយណា ដែលជួបការលំបាកខ្វះខាតអគារសិក្សា ដើម្បីទុកធ្វើជាថ្នាលបណ្តុះចំណេះដឹងដល់កុលបុត្រកុលធីតាខ្មែរ ដែលជាទំពាំងស្នងឫស្សីសម្រាប់បន្តវេនធានារ៉ាប់រងចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិ។
ការប្រោសព្រះរាជទាននូវអគារសិក្សាព្រមទាំងព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រិយ៍ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឳសម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឱ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រជាកូនចៅនៅក្នុងមូលដ្ឋានមានសេចក្តីត្រេកអរដោយឥតឧបមា សូមក្រាបបង្គំថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរព្រះអង្គបានសមប្រកបតែនឹងសិរីសួស្តីជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តចម្រើនរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ៕