(ភ្នំពេញ)៖ សំណុំរឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងពូ និងក្មួយ ដែលបានប្តឹងផ្តល់គ្នាតាមផ្លូវតុលាការអស់រយៈពេលជាង១០ឆ្នាំ មកហើយនោះ ត្រូវបាន លោក ដួង តារា ជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការសម្របសម្រួលផ្សះផ្សារបញ្ចប់ជាស្ថាពរដោយសន្តិវិធីឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ។
រឿងក្តីនេះបានចាប់ផ្តើមដំណើរការតាំងពីសាលាដំបូង រហូតដល់តុលាការកំពូល ហើយថែមទាំងមានសាលដីកាស្ថាពរទៀតផង តែអនុវត្តមិនបានជោគជ័យ ដោយសារគូភាគីនៅតែព្យាយាមអះអាងថា មិនយុត្តិធម៌សម្រាប់ខ្លួន ហើយស្វះស្វែងរកដំណោះស្រាយដែលខ្លួនពេញចិត្ត។
បន្ទាប់ពីទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានយកគោលការណ៍ឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ មកធ្វើការសម្របសម្រួលផ្សះផ្សាររវាងគូភាគី រហូតដល់មានការព្រមព្រៀងគ្នាបញ្ចប់សំណុំរឿងទាំងស្រុងនៅក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី៩ កក្កដា ម្សិលមិញនេះ។
គូភាគីបានព្រមព្រៀងគ្នាគោរពប្រតិបត្តិតាមគោលការណ៏ឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដោយ ភាគីខាងក្មួយ គឺ លោក លោក មាស សុផាត, ហៅ កុយ និងប្រពន្ធឈ្មោះ យ៉ាវ គឹមឆេង យល់ព្រមចាកចេញពីទីតាំងដីវិវាទដោយស្ម័គ្រចិត្ត តាមអំណាចសាលដីការបស់តុលាការកំពូល ចាប់ពីថ្ងៃនេះតទៅ។ ដោយឡែក ភាគីខាង លោក កើត សារ៉េត ដែលសព្វថ្ងៃជាអនុរដ្ឋលេខាធិកាក្រសួងដែនដី ដែលត្រូវជាក្មួយក៏បានយល់ព្រមផ្តល់ប្រាក់ឧប្ថម្ភចំនួន $១៧០,០០០ (ដប់ប្រាំពីរម៉ឺនដុល្លារអាមេរិក) ជូនដល់ភាគី លោក មាស សុផាត ផងដែរ ដើម្បីគាត់បានទិញផ្ទះរស់នៅ នឹងមានដើមទុនខ្លះប្រកបរបរទទួលទានសម្រាប់ជីវិតចុងក្រោយដែលខ្លួនគាត់ជាអតីតយោធារពិការមួយរូប។
លោក ដួង តារា ជំនួយការសម្តេចតេជោ បានថ្លែងថា ករណីរវាងពូ និងក្មួយនេះ គឺជាករណីដ៏ដ៏រ៉ាំរ៉ៃមួយ ហើយភាគីម្ខាងជាមន្រ្តីមានតួនាទីខ្ពស់ក្នុងក្រសួងដែនដីនគររូបនីយកម្ម ដែលបានប្តឹងផ្តល់គ្នារហូតដល់ទៅ១០ឆ្នាំមកហើយ នៅតែមិនទាន់ចប់ជាស្ថាពរ។ នៅពេលដែលយើងបានអនុវត្តតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺយើងប្រើពេលវេលាត្រឹមតែមួយព្រឹកប៉ុណ្ណោះ ហើយទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមាននិងជាទីគាប់ចិត្តរបស់ភាគីទាំងពីរ។ លោក ដួង តារា ក៏បានបញ្ជាក់ថា ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះនេះ គឺធ្វើឡើងសមស្របតាមនីតិវិធីផ្សះផ្សារ ដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណីរបស់ប្រទេស។ ការអនុវត្តគោនយោបាយឈ្នះឈ្នះនេះ គឺដើម្បីគ្រប់ភាគីឈ្នះទាំងអស់គ្នា។
លោក ដួង តារា បានគោរពថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្តល់ឱកាសឲ្យលោកបានចូលរួមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ តាមគោលនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្តេច។
ជាការពិត សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនដែលត្អូញត្អែរពីការនឿយហត់ឡើយ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ។
គូភាគីទាំងពីរបានសម្តែងនូវការត្រេកអរយ៉ាងក្រៃលែងដោយទទួលបាននូវយុត្តិធម៌យ៉ាងពិតប្រាកដ និងបានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានលះបង់ពេលវេលា និងបញ្ញាញាណដ៏ឧត្តុង្គឧត្តមគិតគូរដោះស្រាយបញ្ហានានាជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាំប់វណ្ណៈ និងប្រទេសជាតិទាំងមូល មិនដែលត្អូញត្អែរពីការនឿយហត់បន្តិចណាឡើយ។
«មាន សម្តេចតេជោ ប្រទេសជាតិមានសុខសន្តិភាព មានយុត្តិធម៌ ប្រជាពលរដ្ឋរស់នៅសុខសាន្ត»៕