(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសជនជាតិសិង្ហបុរីម្នាក់ ដាក់ពន្ធនាគារ ៣០ឆ្នាំ និងពិន័យប្រាក់ ៦០លានរៀល ពីបទរត់ពន្ធគ្រឿងញៀនជិតកន្លះគីឡូក្រាម ឆ្លងកាត់តាមប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសអូស្ត្រាលី ប្រព្រឹត្តកាលពីឆ្នាំ២០១៤។ ក្រៅពីជនជាតិសិង្ហបុរី ជនជាតិខ្មែរជាបក្ខពួកពីរនាក់ទៀត ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ ដោយម្នាក់ជាប់ពន្ធនាគារ ៣០ឆ្នាំ ពិន័យប្រាក់ ៦០លានរៀន និងម្នាក់ទៀត ជាប់ពន្ធនាគារ ២០ឆ្នាំ ពិន័យប្រាក់ ៤០លានរៀល។
លោក កោ វណ្ឌី ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចចោទទាំង ៣នាក់ មានឈ្មោះ ឆ័រ ហ៊ុយគាត ភេទប្រុស អាយុ ៥០ឆ្នាំ ជាជនជាតិសិង្ហបូរី, ឈ្មោះ តាន់ ជីគេង ភេទប្រុស អាយុ ៥៧ឆ្នាំជនជាតិខ្មែរ និងម្នាក់ ទៀត ឈ្មោះ ម៊ុត ប៊ុណ្ណាត ភេទស្រី អាយុ ៥០ ជនជាតិខ្មែរ។
ជនជួញដូរគ្រឿងញៀនទាំង ៣នាក់នេះ ត្រូវបានចាប់ខ្លួន ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសឆ្លងកាត់ព្រំដែន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤៕