Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិនិយោគិនក្នុងស្រុក ចាប់អារម្មណ៍នឹងការអភិវឌ្ឍន៍អចលនទ្រព្យ បម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តកែប

10-07-2020 08:50

(កែប)៖ វិនិយោគិនខ្មែរមួយក្រុម បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា។

ការចាប់អារម្មណ៍លើការវិនិយោគនេះ បានកើតឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុម ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាល
T.O.I.C Group ដើម្បីស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានបញ្ជាក់ថា ដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ លោកអភិបាល បានបង្ហាញនូវក្តីរីករាយ និងត្រៀមសហការយ៉ាងល្អ ដល់វិនិយោគិនក្នុងស្រុក ដែលមានការចាប់អារម្មណ៍ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកែប បើទោះបីជាបញ្ហាកូវីដ១៩ កំពុងតាមយាយីក្តី។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានឲ្យដឹងទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេសចរណ៍ ដែលមានទីតាំងជាកន្លែងសក្តានុពលមួយចំនួន៕