(កោះកុង)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ពេលបច្ចុប្បន្ននេះ ចំពោះបទល្មើសធំៗ នៃការកាប់បំផ្លិចបំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិខ្នាតធំៗផ្សេងទៀតលែងមានទៀតហើយ គឺនៅមានតែបទល្មើសខ្នាតតូចៗតែប៉ុណ្ណោះ។

ការអះអាងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្រោយពេលដែលក្រសួងបរិស្ថាន អង្គការ និងអ្នកពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ ទៅលើអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការសម្លាប់សត្វព្រៃជាដើម។

នៅក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តកោះកុង ក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងនោះ, លោក នេត្រភក្ត្រា បានថ្លែងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានតំបន់ការពារធនធានធម្មជាតិរហូតដល់៦៩កន្លែង ដែលមានទំហំផ្ទៃដី៧លាន ៣សែនហិកតា។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើឱ្យកិច្ចការពារ និងអភិរក្សតំបន់ទាំងនេះ បានទទួលផ្លែផ្កាគួរជាទីមោទនភាព ដើម្បីជាផលប្រយោជន៍របស់កម្ពុជា យូរអង្វែងទៅថ្ងៃខាងមុខ។

លោកបានបន្តថា ក្នុងកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោមការត្រួតពិនិត្យរបស់ក្រសួងកន្លងមក ក្នុងតំបន់ដីជាង៤សែនហិកតា ស្ថិតនៅខេត្តចំនួន៣ គឺខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ ហើយតាមរយៈកិច្ចសហការនេះដែរ ធ្វើឱ្យបទល្មើសជាច្រើនទប់ស្កាត់បានទាន់ពេលវេលា និងទទួលជោគជ័យគួរជាទីទុកចិត្ត។

រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ឱ្យដឹងថា៖ «ការលើកឡើងនេះ មិនមែនថាពុំមានបទល្មើសធនធានធម្មជាតិកើតឡើងទេ ប៉ុន្តែដោយកិច្ចសហការគ្នាល្អវាបានធ្វើឱ្យលែងមានបទល្មើសខ្នាតធំទៀតហើយ គឺមានតែបទល្មើសខ្នាតតូច ដែលមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្រ្តីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ខិតខំទប់ស្កាត់រាល់បទល្មើសកើតឡើងជានិច្ច»។

ពាក់ព័ន្ទទៅនឹងបទល្មើសនេះ លោក នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងឆ្នាំ២០១៩កន្លងមក បទល្មើសដែលបង្រ្កាបបានមានរហូតដល់ជាង ៤៧០០ករណី។ ចំណែកឯរយៈពេល៦ខែនៃដើមឆ្នាំ២០២០ ពោលគឺចាប់ពីខែមករាដល់ ខែមិថុនាឆ្នាំ២០២០កន្លងមក ការបង្រ្កាបបទល្មើសបានជាង៣ពាន់ករណី ហើយក្នុងរនោះការរឹបអូសនូវភស្តុតាងបទល្មើសដូចជា រណាយន្តដែលកាប់បំផ្លាញព្រៃឈើចំនួន ២៣៦៩គ្រឿង និងកាលពីឆ្នាំ២០១៩កន្លងមក ការរឺបអូសរណាយន្តមានរហូតដល់ជាង៣៥០០រណាយន្តនៅទូទាំងប្រទេសកម្ពុជា។

មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថានរូបនេះ បានវាយតម្លៃខ្ពស់ថា ការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ពន្ឋ័មិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និង សហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងបរិស្ថាន។

ក្នុងនាមលោករដ្ឋមន្ត្រី សាយ សំអាល់, លោក នេត្រ ភក្ត្រា បានសម្តែងអំណរគុណ និងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ពទ្ធ័ក្នុងតំបន់ការធម្មជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ ដោយក្នុងនោះក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើកការការពារ សក្តានុពលបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិក្រវាញខាងត្បូង តាតៃ និងក្រវាញកណ្តាល។ កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចេរភាព។

បច្ចុប្បន្ននេះយើងមានតំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧.៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ពទ្ធ័នានា ក្នុងការធានាបាននូវនិរន្តភាព ការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តំកល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ។

លោករដ្ឋលេខាធិការបានឱ្យដឹងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ លើកតម្កើងជីវភាពប្រជាសហគមន៍ បង្កើតសេដ្ឋកិច្ចមូលដ្ឋាន។ ប្រែក្លាយពីអ្នកកាប់ឈើ និងបរបាញ់សត្វមកជាអ្នកការពារ និងថែរក្សាសត្វព្រៃ បម្រើឱ្យវិស័យទេសចរណ៍។ សហគមន៍ទេសចរណ៍ធម្មជាតិជីផាត បានជោគជ័យលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។ ព្រមជាមួយគ្នាការសង្គ្រោះសត្វព្រៃ ដោយសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

លោកបានបន្តឱ្យដឹងថា បើតាមរបាយការណ៍បង្ហាញថា សត្វព្រៃជិត១០ម៉ឺនក្បាលក្នុងរយៈពេលជិត ២០ឆ្នាំមកនេះតាមរយៈការបង្ក្រាបបទល្មើស ជួញដូរសត្វព្រៃគ្រប់ប្រភេទ ដោយសហការវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏ដូចជាជាមួយក្រសួងបរិស្ថាន។ សហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកោះកុង៖ ការទទួលផលពីធម្មជាតិ និងតួនាទីចូលរួមការពារអភិរក្សធនធានធម្មជាតិ ដើម្បីនិរន្តភាពបរិស្ថាន និងធម្មជាតិ។ កោះកុងជំរុំធម្មជាតិ សមុទ្រឈើជាទីទាក់ទាញ នៃទេសចរណ៍ធម្មជាតិ។ កោះកុងមានតំបន់ការពារធម្មជាតិ១០ កន្លែង មានផ្ទៃដីជាង១លានហិកតា។

បើតាមលោក Andrew Ball មន្រ្តីទំនាក់ទំនងនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា គ្រាន់តែរយៈពេល១៨ខែចុងក្រោយនេះ មន្រ្តីឧទ្យានុរក្សនៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញបានចុះល្បាតចំនួន ៦៥៤៥លើក ដោយល្បាតបានចម្ងាយ២៤៥០០គីឡូម៉ែត្រ។

លោកបានលើកឡើងថា ការខិតខំធ្វើការរបស់មន្រ្តីបានផ្តល់នូវលទ្ធផលដោយបានដោះអន្ទាក់បានចំនួន៣២,៣២២អន្ទាក់ រឹបអូសរណាយន្ត បាន១,៩៥៤ គ្រឿង រឹបអូសឈើខុសច្បាប់បានចំនួន២,១៧៨ម៉ែត្រគូប ចាប់បញ្ជូនជនសង្ស័យទៅតុលាការបាន៨៧នាក់ ចាប់ឃាត់មធ្យោបាយដឹកជញ្ជូន បាន១០១៩គ្រឿង និងបានទប់ស្កាត់ការទន្រ្ទានយកដីរដ្ឋបានចំនួន១៧២ករណី។

លោក Andrew Ball បានបន្ថែមថា កម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញជាគម្រោង ដែលត្រូវបានអនុវត្តរួមគ្នា ដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលមានទំហំ១,៤លានហិកតា និងដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍៕