(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងលោក Kang Pablo ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានជួបពិភាក្សាគ្នាលើបញ្ហា អំពើទាក់ទងនឹងយេនឌ័រ ក្នុងកំលុងកូវីដ-១៩។
ថ្លែងក្នុងពិធីនោះ លោក Kang Pablo បានលើកឡើងថា តាមរយៈការសិក្សាស្រាវជ្រាវ បានបង្ហាញថា ជំងឺកូវីដ-១៩ ធ្វើឲ្យមានហានិភ័យ ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ កាន់តែខ្ពស់ ពីព្រោះថា ស្ដ្រីភាគច្រើនស្ថិតនៅក្នុងផ្ទះ។
លោក Kang Pablo បានបញ្ជាក់ថា ស្ថានភាពបែបនេះ ធ្វើឲ្យស្ដ្រីកាន់តែស្ថិតនៅក្នុង ស្ថានភាពមួយងាយរងគ្រោះ ដោយសារតែគម្លាតសង្គម ធ្វើឲ្យជួបការលំបាក ក្នុងការទទួលព័ត៌មាន ក៏ដូចជាសេវាកម្ម ដើម្បីដោះស្រាយ និងទប់ស្កាត់ នូវអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
បន្ថែមពីនោះទៀត ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា ក៏បានបង្ហាញនូវការចាប់អារម្មណ៍ ធ្វើការសហការជាមួយកម្ពុជា លើបញ្ហាពាក់ព័ន្ធអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈក្រសួងកិច្ចការនារី ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី ផងដែរ។
លោកស្រី អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា អូស្ដ្រាលីគឺជាដៃគូដ៏ល្អ សម្រាប់ប្រទេសកម្ពុជា លើការងារផ្សេងៗជាច្រើន មិនថាតែលើបញ្ហាយេនឌ័រនោះទេ អូស្ដ្រាលី គឺជាដៃគូដ៏ល្អ របស់កម្ពុជា លើគ្រប់វិស័យ។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក៏សូមថ្លែងអំណរគុណ ដល់ប្រទេសអូស្ដ្រាលី និងប្រជាពលរដ្ឋអូស្ដ្រាលី ដែលបានផ្ដល់នូវជំនួយ សម្ភារសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី អ៊ឹង កន្ថាផាវី និងឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា ក៏បានធ្វើពិធីប្រគល់ និងទទួល សម្ភារសម្រាប់ទប់ស្កាត់កូវីដ-១៩ផងដែរ។ ពិធីនេះ ធ្វើឡើងនាទីស្ដីការក្រសួងកិច្ចការនារី។
គូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ អ្នកជំងឺសរុប១៣១នាក់ ត្រូវបានព្យាបាល ឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕