(ភ្នំពេញ)៖ បន្ទាប់ពីសិក្សាលទ្ធភាពអស់ជាច្រើនខែ ទីបំផុតទៅកម្ពុជា និងកូរ៉េខាងត្បូង បានចាប់ផ្តើមបើកការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាហើយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ។
ការបើកកិច្ចពិភាក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយភាគីកម្ពុជាដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រីឯភាគីកូរ៉េខាងត្បូងដឹកនាំដោយលោកស្រី យូ ម្យូងហ៉ី (YOO Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ខាងត្បូង។
មុននឹងឈានមកដល់ការប្រកាសបើកកិច្ចពិភាក្សាជាផ្លូវការនាថ្ងៃនេះ ក្រុមការងារនៃប្រទេសទាំងពីរបានជួបប្រជុំជាច្រើនលើកច្រើនសារ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាលរួមមាន៖ ១) ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ២) ការរៀបចំគោលការណ៍រួមនៃការចរចា និង៣) ការស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងក្លាយជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។
ទំហំពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ មានប្រមាណ ១,០៣២លានដុល្លាអាមេរិក មានការកើនឡើង ២៥៤% ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១លានដុល្លាអាមេរិកប៉ុណ្ណោះ។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
ក្នុងជំនួបពិភាក្សានៅថ្ងៃនេះរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
ក្នុងឱកាសនោះរដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។
ជាមួយគ្នានេះដែរ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តនេះ ស្របតាម «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា» និង «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
ដើម្បីជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជាបានបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាច្រើនក្នុងការពង្រីកពាណិជ្ជកម្មជាមួយប្រទេសជាមិត្ត។ ការធ្វើពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែងធ្វើជាមួយប្រទេសជាមិត្តនាពេលបច្ចុប្បន្ននេះ។
ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំនួន៨ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។
បច្ចុប្បន្នកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន បានបិទបញ្ចប់ហើយ ហើយបានដាក់ឯកសារទាំងឡាយជូនថ្នាក់ដឹកនាំប្រទេសទាំងពីរពិនិត្យ និងសម្រេច។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានរំពឹងថា អាចនឹងឈានទៅចុះហត្ថលេខានៅចុងឆ្នាំ២០២០៕