(ភ្នំពេញ)៖ រដ្ឋសភាបានប្រកាសថា រយៈពេល៣ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ខ្លួនបានអនុម័តច្បាប់ចំនួន១២ ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា ហើយចាប់ពីពេលនេះតទៅរដ្ឋសភានឹងធ្វើវិស្សមកាលរយៈពេល ៣ខែដើម្បីអនុញ្ញាតឱ្យតំណាងរាស្រ្ត មានពេលចុះធ្វើមូលដ្ឋាន។
រយៈពេល៣ខែនេះ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន១២ និងអនុម័តលើសេចក្តីស្នើច្បាប់ចំនួន១ដែលស្នើដោយ តំណាងរាស្រ្ត។ ក្រៅពីនោះក៏មានការអនុម័តលើសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ១៦ប្រការ សេចក្តីស្នើវិសោធកម្មច្បាប់ ស្តីពីវិសោធនកម្ម មាត្រា២១ នៃច្បាប់លក្ខន្តិកៈសមាជិកព្រឹទ្ធសភា ការបោះឆ្នោតទុកចិត្តលោក អ៊ុក សារាវុធ ជាអគ្គសវនកររង នៃសវនកម្មជាតិ រួមទាំងការបោះឆ្នោតទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ផងដែរ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ចាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះតទៅ រដ្ឋសភាបានធ្វើវិស្សមកាល រយៈពេលយ៉ាងយូរ៣ខែ ហើយអំឡុង៣ខែនេះ គឺជាការទុកពេលឱ្យតំណាងរាស្រ្តទាំងអស់ ចុះទៅកាន់មូលដ្ឋានរបស់គេរហូតដល់ វេលាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៥ឡើងវិញនៅអំឡុងដើមខែមេសា ៕