(កោះកុង)៖ រដ្ឋបាលក្រុងខេមរភូមិន្ទ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ក្រោមវត្តមានលោក ឈេង សុវណ្ណដា អភិបាលក្រុង និងការចូលរួមពីក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង ចៅសង្កាត់ទាំង៣ ព្រមទាំងវាគ្មិន និងប្រជាពលរដ្ឋទាំង៣សង្កាត់ ដែលពាក់ព័ន្ធផងដែរ។
ប្រជាពលរដ្ឋទាំង៣សង្កាត់ បានលើកឡើងពីផលលំបាកក្នុងមូលដ្ឋានរបស់គាត់ នាពេលរដូវវស្សានេះ ហើយពួកគាត់សំណូមពរឲ្យអាជ្ញាធរ ជួយដោះស្រាយរាល់បញ្ហាផ្លូវ ប្រព័ន្ធលូ ភ្លើង និងអនាម័យបរិស្ថាន សម្រាម ដើម្បីហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន សុខភាព និងការទាក់ទាញផ្នែកវិស័យទេសចរណ៍ផងដែរ។
លោក ឈេង សុវណ្ណដា បានទទួលយកសំណើររបស់ពួកគាត់ទាំងអស់ ហើយលោកថ្លែងថា នឹងធ្វើការអភិវឌ្ឍន៍ជូនដោយគ្មានរាថយឡើយ ព្រោះនេះជាកាតព្វកិច្ចរបស់អាជ្ញាធរ។
លោកអភិបាលបានថ្លែងបន្តថា ក្នុងសង្កាត់របស់ក្រុងទាំង៣ គឺសង្កាត់ដងទង់ សង្កាត់ស្មាច់មានជ័យ សង្កាត់ស្ទឹងវែង ក្រុមការងាររួមទាំងស្ថាប័ណ្ណមន្ទីរដែលពាក់ព័ន្ធ បានចុះអនុវត្តន៍ សិក្សាផ្លូវបេតុងជាច្រើខ្សែ បានប្រហែល៨០%។ ផ្លូវទាំងនោះមានគុណភាពគ្រប់លក្ខណៈស្តង់ដារបច្ចេកទេសទៀតផង ហើយសល់មួយចំនួនតូច ដែលលោកកំពុងរៀបចំ និងសិក្សាបន្តពីបញ្ហាប្រព័ន្ធផ្លូវទឹក និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរស់ក្បែរផ្លូវទាំងនោះ។
លោក ឈេង សុវណ្ណដា បានបន្ថែមថា «ហេតុដូច្នេះយើងត្រូវសិក្សាឲ្យបានស៉ីជម្រៅហើយ ពន្យល់គាត់ឲ្យយល់កាន់ច្បាស់ ដើម្បីឲ្យប្រព័ន្ធផ្លូវទឹកហូរបានលឿន ទំហំផ្លូវបានធំ អាចធ្វើចរាចរណ៍ទៅមកបានស្រួល។ សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការលើកកំពស់ ស្ថាបនាផ្លូវក្នុងមូលដ្ឋានបានល្អ ហើយចំពោះអនាម័យបរិស្ថាន សូមបងប្អូនវិចខ្ចប់ឲ្យត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនដឹកជញ្ជូន កុំបោះចោលពាសវាលពាកាលនាំឲ្យខូចអនាម័យបរិស្ថាន»។
លោកបានបញ្ជាក់ថា ក្រោយពីក្រុមការចុះសិក្សានៅគម្រោងដែលប្រជាពលរដ្ឋដាក់សំណើរមក ក្នុងវេទិកាផ្សាយនេះ ក្រុមការងារនឹងចុះសិក្សា និងរងចាំថវិកាខេត្ត ឬថ្នាក់ជាតិធ្លាក់មក នឹងធ្វើជូនគាត់ភ្លាមៗ។ លោកថា អ្វីដែលសំខាន់អាជ្ញាធរធ្វើការស្ថាបនាទៅតាមដំណាក់កាល និងដាក់សំណើរជូនខេត្ត ឬថ្នាក់ជាតិ ដើម្បីស្មើសុំកញ្ចប់ថាវិកា ក្នុងស្ថាបនាជូនពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់។
ក្រោយពីលោកអភិបាលក្រុងបានលើកឡើងរាល់បញ្ហា និងសន្យាថា ធ្វើការដោះស្រាយជូននោះ, ប្រជាពលរដ្ឋបានអបអរសាទរ និងកោតសរសើរ រាល់ការងារដោះស្រាយជូនពួកគាត់ ពីអាជ្ញាធរក្រុងខេមរភូមិន្ទ៕