(កណ្ដាល)៖ ឆ្លើយតបតាមការសន្យាលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រគល់ម៉ូតូចំនួន១០គ្រឿង ជូនដល់កងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល។
សូមជម្រាបថា ក្នុងពិធីអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពរវាងសាលាខេត្តកណ្តាល ជាមួយកងការពារព្រំដែនលេខ៦០១ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការកងការពារព្រំដែនលេខ៦០១ នៅភូមិព្រែកហម ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល កន្លងទៅថ្មីៗនេះ លោកអភិបាលខេត្ត បានឆ្លើយតបចំពោះសំណូមពររបស់កងការពាររួមមាន៖
*រក្សាសម្ព័ន្ធមេត្រីភាពរវាងកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេសជាមួយសាលាខេត្តកណ្ដាល ចំនួន២ដង ក្នុង១ឆ្នាំ គឺរៀងរាល់៦ខែម្ដង
*ជួយធ្វើរបងព័ទ្ធជុំវិញទីបញ្ជាការកងការពារព្រំដែន៦០១ ប្រវែង៣០៤ម៉ែត្រ កម្ពស់២,៥ម៉ែត្រ។
ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការបំពេញការងាររបស់កងការពារលេខ៦០១ លោកអភិបាលខេត្ត បានសន្យាឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចផងដែរ។
លោកវរសេនីយ៍ឯក លន់ លុច្ស មេបញ្ជាការកងការពារព្រុំដែនលេខ៦០១ បានថ្លែងអំណរគុណអភិបាលខេត្តកណ្ដាល ដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះកម្លាំងរបស់លោកផងដែរ៕