(បាត់ដំបង)៖ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តធ្វើការ ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំលុងជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ និងចំគោលដៅមានតម្លាភាពនឹងត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីឆាប់ៗនេះ។
ការជំរុញនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តប្រចាំខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត កងកម្លាំងប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុងស្រុក មន្ទីរជំនាញនានាជុំវិញខេត្តចូលរួមផងដែរ។
ប្រធានមន្ទីរជំនាញរដ្ឋបាលក្រុងស្រុក បានឡើងរាយការណ៍ពីលទ្ធផលការងារ និងមានបញ្ហាប្រឈមនានាខ្លះជូនថ្នាក់ដឹកនាំផ្តល់ការណែនាំ និងជួយធ្វើការដោះស្រាយ ពាក់
ព័ន្ធនឹងការផ្តល់ប័ណ្ណក្រីក្រ ក្នុងកំលុងជំងឺកូវីដ១៩កន្លងទៅ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងនោះ ក៏មានរបាយការណ៍ស្តីពីការដាំដុស វិស័យកសិកម្ម ជាដំណាំគ្រប់ប្រភេទ ពិសេសដាំបន្លែមានការរីកចម្រើនខ្លាំងដោយបានទទួលផលល្អ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារគួឲ្យកត់
សម្គាល់។
ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋបាលខេត្ត បានផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃស្តីពី ការទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋ និងដីរដ្ឋហាមឃាត់ផ្សេងទៀតដោយខុសច្បាប់។
លោក ងួន រតនៈ បានកោតសសើរមន្រ្តីជំនាញនៅតាមស្ថាប័ននានាបានខិតខំធ្វើការងារនេះបានល្អប្រសើសម្រេចជោគជ័យ និងសូមឲ្យមន្រ្តីយើងបន្តធ្វើការងារបម្រើប្រជាពលរដ្ឋយើង ពិសេសជនក្រីក្រ ជនងាយរងគ្រោះ និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពនៅតាមមូលដ្ឋាន។
លោកប្រធានគណ:បញ្ជាការ បានផ្តាំផ្ញើដល់ពលរដ្ឋបន្ត ការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតាមសហគមនិងនៅតាមក្លឹមកម្សាន្តជាដើម។ អាជ្ញាធរមូលដ្ឋានយើងត្រូវតាមដានរាល់បទល្មើសទន្ទ្រានយកដីរដ្ឋខុសច្បាប់ទប់ស្កាត់ឲ្យបានដាច់ខាត។
ដោយឡែក ស្រុកចំនួន៣ជាប់បឹងទន្លេសាបតំបន់៣ យើងត្រូវដកហូតយកដីរដ្ឋទាំងនេះដែលបានទន្ទ្រានកន្លងមកយកមកវិញផងដែរ៕