(ភ្នំពេញ)៖ ការជំនុំជម្រះក្តីជាលើកទី២ លើសំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ លោកស្រី ស៊ុន សូត្ថា និង កូនស្រី ដែលជាភរិយា និងកូនស្រី របស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលជាមានអ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទ មិនទាន់បិទបញ្ចប់នៅឡើយទេ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ហើយត្រូវបានចៅក្រមស៊ើបសួរលើកទៅជំនុំជម្រះបន្តនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
សវនាការជំនុំជម្រះក្តីជាលើកទី២ នាព្រឹកមិញនេះ ត្រូវបានធ្វើឡើងដោយមាន លោក សាន សុផាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ មេធាវីការពារក្តីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចំនួន ២រូប មេធាវីការពារក្តីឧកញ៉ា ខូវ ផល្លាបុត្រ ១រូប និង មេធាវីការពារក្តីឲ្យអ្នកស្រី ឡាយ ហួង ចំនួន ៣រូប និង ជនជាប់ចោទអ្នកស្រី ឡាយ ហួង។ ក្នុងសវនាការនេះ មិនមានវត្តមានរបស់ឧកញ៉ា ខូវ ផល្លាបុត្រ ដែលជាជនជាប់ចោទនោះទេ។
នៅក្នុងបន្ទប់សវនាការ នៃសាលាដំបូងរាជធានីភ្នំពេញនាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើន ពីសាធារណជន និងក្រុមគ្រួសារសាច់ញាតិ របស់អ្នកស្រី ឡាយ ហួង ផងដែរ។
ទណ្ឌិតចំនួន ៤រូប គឺអ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី សន្តិសុខអ្នកស្រី សេង ច័ន្ទដា ឈ្មោះ សុខ ឡាក់ និងអ្នកបម្រើពីររូបទៀត គឺ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការកោះហៅមកធ្វើជាសាក្សី បំភ្លឺទៅលើបណ្តឹងប៉ុនប៉ងរំលោភ និងសម្លាប់ក្នុងគ្រួសារអភិជន ដ៏រំជើបរំជួលនេះ។ មុនចូលទៅបំភ្លឺនៅក្នុងបន្ទប់សវនាការទណ្ឌិតទាំង ៥រូប ត្រូវបានគេនាំយកទៅស្បថនៅមុខអ្នកតាក្នុងសាលាដំបូង ដោយសច្ចានិយាយតែពាក្យពិត ហើយបើនិយាយ មិនពិតឲ្យវត្ថុស័ក្តិសិទ្ធដាក់ទណ្ឌកម្ម លើពួកគេធ្ងន់ធ្ងរបំផុត។
សូមរំលឹកថា អ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី សន្តិសុខអ្នកស្រី សេង ច័ន្ទដា ឈ្មោះ សុខ ឡាក់ និងអ្នកបម្រើពីររូបទៀត គឺ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពី ១៨ឆ្នាំទៅ២០ឆ្នាំ នៅក្នុងសំណុំរឿង ប៉ុនប៉ងរំលោភ សម្លាប់ លើភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល។ សាលក្រមរបស់ពួកគេបានចូលជាស្ថាពររួចហើយ។
មិនខុសពីអ្នកស្រី ឡាយ ហួង អ្នកស្រី សេង ច័ន្ទតា និង លោក សុខ ឡាក់ សុទ្ធតែបានអះអាងចំពោះមុខចៅក្រមថា ពួកគេមិនបានរៀបចំគម្រោងសម្លាប់ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល នោះឡើយ។ ដោយឡែក អ្នកស្រី ច័ន្ទ សុខា ជាអ្នកបម្រើជំនិតរបស់ឧកញ៉ា ខូវ ជឺលី និងមនុស្ស ដែលត្រូវអ្នកស្រី សេង ច័ន្ទដា បញ្ជាឲ្យរកមនុស្ស ដើម្បីសម្លាប់ភរិយា និង កូនស្រី លោក ស៊ុន ចាន់ថុលនោះ បានរៀបរាប់យ៉ាងលំអិត ទៅលើគម្រោងរំលោភសម្លាប់នេះ។
បើតាមចម្លើយសារភាពទណ្ឌិតអ្នកស្រី ច័ន្ទ សុខា បានអះអាងថា ការរៀបចំគម្រោងសម្លាប់ភរិយា និងកូនស្រី លោក ស៊ុន ចាន់ថុល ត្រូវបានរៀបចំ និង បញ្ជាដោយអ្នកស្រី ឡាយ ហួង និងអ្នកស្រី សេង ច័ន្ទដា ហើយក៏មានការដឹងឮពីឧកញ៉ា ខូវ ជឺលី និងឧកញ៉ា ខូវ ផល្លាបុត្រផងដែរ។
ទំនាស់រហូតឈានដល់ការរៀបចំគម្រោងរំលោភសម្លាប់នេះ គឺដោយសារតែអ្នកស្រី ស៊ុន សូត្ថា មិនព្រមទទួលស្គាល់អ្នកស្រី សេង ច័ន្ទដា ជាភរិយារបស់ពេញច្បាប់របស់ឧកញ៉ា ខូវ ជឺលី ហើយក៏មិនព្រមទទួលស្គាលអ្នកស្រី ឡាយ ហួង ជាភរិយារបស់ឧកញ៉ា ខូវ ផល្លាបុត្រ ដែលជាប្អូនប្រុសរបស់ខ្លួនផងដែរ។ នេះបើតាមការរៀបរាប់របស់សាក្សី ច័ន្ទ សុខា។
នៅចំពោះមុខចៅក្រមជំនុំជម្រះនេះសាក្សី ច័ន្ទ សុខា ក៏បានរៀបរាប់យ៉ាងលំអិតផងដែរ ពីការរៀបចំគម្រោងរំលោភសម្លាប់របស់អ្នកស្រី ឡាយ ហួង និងអ្នកស្រី សេង ច័ន្ទដា ទៅលើភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១០ មនុស្សមួយក្រុម បានរៀបចំគម្រោងរំលោភ និង សម្លាប់ភរិយា និងកូនស្រី របស់លោកទេសរដ្ឋ មន្រ្តី ស៊ុន ចាន់ថុល។ នៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ គ្រាលោក ស៊ុន ចាន់ថុល ជាប់រវល់បំពេញការងារនៅខេត្តមណ្ឌលគិរី មានបុរសម្នាក់ ដោយមានការសហការ ពីអ្នកបម្រើនៅក្នុងផ្ទះលោក ស៊ុន ចាន់ថុល ផងនោះ បានលួចចូលទៅក្នុងផ្ទះ របស់លោក ប៉ុន ប៉ងរំលោភ និងសម្លាប់អ្នកស្រី ស៊ុន សូត្ថា ភរិយា និង កូនស្រី របស់លោក ស៊ុន ចាន់ថុល។ ផែនការ ដែលគេចាត់ទុកថា ជារឿងដ៏ អាក្រក់ជូរជាតិ និង ឃោរឃៅបំផុតនេះ មិនបានសម្រេចនោះឡើយ។
សំណុំរឿងប៉ុនប៉ងរំលោភ និងសម្លាប់នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្តឹងមនុស្សជាច្រើននាក់ ដែលជាមេផ្តើមគំនិត សម គំនិត និងអ្នកធ្វើសកម្មភាព រួមមាន៖ អ្នកស្រី ឡាយ ហួង ភរិយា ឧកញ៉ា ខូវ ផល្លាបុត្រ, លោកឧកញ៉ា ខូវ ផល្លាបុត្រ, អ្នកស្រី សេង ច័ន្ទដា ភរិយាក្មេងរបស់ឧកញ៉ា ខូវ ជឺលី, អ្នកបម្រើ ២នាក់ និង សន្តិសុខម្នាក់។
ជនជាប់ចោទចំនួន ៤នាក់ហើយ គឺអ្នកស្រី សេង ច័ន្ទដា, អ្នកបម្រើពីរនាក់ និង សន្តិសុខម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៨ឆ្នាំ ទៅ២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ៕
ទណ្ឌិត ៤នាក់ គឺអ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី លោក សុខ ឡាក់ អ្នកស្រី ច័ន្ទ សុខា និងនាង ស៊ីណាត នាំគ្នាស្បថ មុនចូលបន្ទប់សវនាការ ធ្វើជាសាក្សី បំភ្លឺក្នុងសំណុំរឿងប៉ុនប៉ងរំលោភ សម្លាប់ ភរិយា និងកូនស្រី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលមានអ្នកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ជាចុងបណ្តឹង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ សវនាការនាព្រឹកមិញនេះ មិនទាន់បញ្ចប់ទេ ត្រូវលើកទៅជំនុំជម្រះបន្តនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
Posted by Fresh News on Thursday, January 21, 2016