Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនប្រុសញៀនថ្នាំ ស្រវឹងខួប ទាញកាំបិតដេញកាប់អ្នកភូមិ គម្រាមសម្លាប់ម្ដាយ ប្រពន្ធកូន និងប្រុងដុតផ្ទះចោល ត្រូវនគរបាលក្រុងតាខ្មៅ ចាប់វាយខ្នោះ

09-07-2020 14:02

(កណ្ដាល)៖ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ ដែលមានសារធាតុញៀនក្នុងខ្លួន ផឹកស្រវឹង តែងតែប្រើហិង្សាក្នុងគ្រួសារ ហើយចុងក្រោយនេះ បានទាញកាំបិតផ្គាក់ដេញកាប់អ្នកភូមិ គម្រាមសម្លាប់ម្ដាយ ប្រពន្ធកូនថែមទៀត។ ដោយទ្រាំមិនបាន បងប្អូននិងអ្នកភូមិចាប់ក្របួច ប្ដឹងនគរបាលឲ្យចាប់ខ្លួនតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើមន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះជាម្តាយឈ្មោះ ហុង ស៊ីម ភេទស្រី អាយុ៥៩ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ។ រីឯជនសង្ស័យ ជាកូនឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរ មិនពិតប្រាកដ។

នគរបាល បានរៀបរាប់ដំណើររឿងថា នៅថ្ងៃកើតហេតុ ពេលជនរងគ្រោះ (ម្តាយ) កំពុងរៀបចំឥវ៉ាន់ ស្រាប់តែជនសង្ស័យ (ជាកូន) មានសភាពស្រវឹង និងបែកថ្នាំ បានវាយបំផ្លាញទ្រព្យក្នុងផ្ទះ ហើយយកកាំបិតផ្គាក់ដេញកាប់អ្នកជិតខាង តែមិនបានសម្រេច។ ហើយខ្លួន ក៏ស្ទុះទៅយកដបសាំងបំរុងដុតផ្ទះចោល តែត្រូវបានបងប្អូនប្រុសបង្កើតនាំគ្នាចាប់ ហើយប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់៕