(បាត់ដំបង)៖ អ្នកមានផ្ទះនៅខាងមុខ បានធ្វើរបងបិទផ្លូវ មិនឲ្យអ្នកមានផ្ទះនៅក្រោយដែលរស់នៅតាំងពីឆ្នាំ១៩៧៩មកម្ល៉េះមិនមានផ្លូវដើរចេញ-ចូលរួច ខណៈការធ្វើរបងមិនទាន់មានច្បាប់អនុញាតពីអាជ្ញាធរក្រុងនៅឡើយ។
អ្នកស្រី នៅ វុធពោ អាយុ៦០ឆ្នាំ រស់នៅក្រុមទី២៦ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ភាគីរស់នៅផ្ទះខាងក្រោយគេដែលមានម្តាយចាស់ និងកូនច្រើនក្នុងបន្ទុកផង បាននិយាយថា អ្នកដែលមានឈ្មោះ កង ស៊ីនួន ភេទស្រី អាយុជាង៤០ឆ្នាំរស់នៅខាងមុខ បានធ្វើរបងបិទផ្លូវបញ្ឈប់មិនឲ្យដើរតទៅទៀត រួមនិងឈ្មោះ នេត បេន ភេទប្រុស អាយុជិត៧០ឆ្នាំ រស់នៅខាងមុខសងខាងទាំង២ បានរំលោភបំពានធ្វើរបងថ្ម និងគាស់ទុយោទឹក របស់គាត់ចេញពីក្នុងដីទៅដាក់កន្លែងផ្សេង តែអ្នកស្រីមិនព្រមឲ្យធ្វើដាច់ខាត។ អ្នកស្រីអះអាងថា ខ្លួនបានមករស់នៅតាំងពីឆ្នាំ១៩៧៩យូរឆ្នាំមកហើយ គឺជាផ្លូវដើររួម រឿងអីបានអ្នកនៅផ្ទះខាងមុខ មកធ្វើរបងបិទមិនគាត់ដើរចេញចូលបាន ហើយបែរជាជម្រុញឲ្យអ្នកស្រី ដើរតាមក្រោយកាត់ទឹកជ្រាំទៅវិញ។ អ្នកស្រីបានបញ្ជាក់ទៀតថា កាលពីមន្រ្តីជំនាញសុរិយោដី ចុះមកវាស់ដីធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ អ្នកស្រីបានឃើញកំណត់ហេតុ ដាក់ថាមានផ្លូវដើរ តែដល់ពេលប្លង់ចេញជាផ្លូវការ ស្រាប់តែបាត់ផ្លូវអស់ តើឲ្យក្រុមគ្រួសារអ្នកស្រីដើរតាមណា ហាក់បី ដូចជាអយុត្តិធម៌ណាស់។ អ្នកស្រីក៏បានប្តឹងទៅសាលាក្រុង ឲ្យជួយដោះស្រាយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយមិនឯកភាពត្រង់ចំណុចថា អ្នកនៅផ្ទះខាងមុខនៅតែធ្វើរបងបិទដដែល តាមរយៈការជួយទិញកូនលូតូចៗ មកដាក់ក្នុងទឹកជ្រាំក្រោយផ្ទះអ្នកស្រីឲ្យតាមផ្លូវនេះវិញ ហេតុនេះហើយបានជាអ្នកស្រីមិនយល់ព្រមតាមសម្របសម្រួលពីមន្រ្តី មណ្ឌលសេវ៉ាកម្មយុត្តិធម៌ក្រុងនោះឡើយ។ តាមសម្តីអ្នកស្រី កន ស៊ីនួន និងប្អូនប្រុសជីដូនមួយ ភាគីផ្ទះនៅខាងមុខវិញបាននិយាយថា អ្នកស្រីត្រូវតែធ្វើរបងថ្មបិទផ្លូវលើដីខ្លួន ពីព្រោះនេះជាការធ្វើសម្បទានចំណាយទិញលូ និងចាក់ដីធ្វើផ្លូវខាងក្រោយ ឲ្យដើរវិញ គឺធ្វើរបងបិទឈប់ឲ្យដើរទៀតហើយ។ អ្នកស្រីបានបញ្ជាក់ទៀតថា កាលពីក្រុមការងារមន្ទីរសុរិយោដី ចុះមកវាស់វែងដីធ្វើប្លង់ ដែលគេបានបិទប្រកាសជាសាធារណៈ រយៈពេល១ខែ ម៉េចក៏មិនតវ៉ា ដល់ប្លង់គេចេញ ហើយទើបរារាំងមិនឲ្យគេធ្វើប្លង់។
លោក ហេង សារ៉ាត់ ប្រធានមណ្ឌលសេវ៉ាកម្មយុត្តិធម៌ ក្រុងបាត់ដំបង បាននិយាយថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ លោកបានកោះហៅភាគីទាំង២ ចូលមកធ្វើការសម្របសម្រួលគ្នា តាមពាក្យបណ្តឹងរបស់អ្នកមានផ្ទះនៅក្រោយ តែពុំមានលទ្ធផលអ្វីទេ ដោយភាគីអ្នកនៅក្រោយ មិនព្រមទទួលយកតាមការសុំធ្វើរបងថ្មបិទផ្លូវនោះឡើយ។ លោកបានបញ្ជាក់ទៀតថា តាមលោកក្តាប់មើលនិងយោងរបាយការណ៍ពីមូលដ្ឋាន ការធ្វើរបងថ្មបិទផ្លូវនោះ គឺភាគីធ្វើរបងថ្មបិទផ្លូវនោះ ពុំទាន់មានច្បាប់អនុញាតពីសាលាក្រុងនៅឡើយទេ គ្រាន់តែបានធ្វើពាក្យសុំត្រឹមភូមិ សង្កាត់ប៉ុណ្ណោះ ទោះជាមានប្លង់រឹងហើយក៏ដោយ ក៏ត្រូវសុំច្បាប់ពីលោកអភិបាលក្រុងជាមុនសិនទើបធ្វើបាន៕