(ភ្នំពេញ)៖ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងាររវាង លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ជាមួយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធាណៈ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ភាគីទាំងសងខាងបានឯកភាពវាយតម្លៃខ្ពស់ ពីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងតួកគី ក្រោយដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានៅ សាធារណរដ្ឋតួកគី កាលពីចុងឆ្នាំ២០១៨ និងទស្សនកិច្ចបន្តមកទៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ និង២០២០។
នៅក្នុងជំនួបនោះផងដែរ ទាំងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រីឯកអគ្គរដ្ឋទូតតួកគី ក៏បានឯកភាពគ្នាយ៉ាងខ្ពស់ លើការប្រឹងប្រែងដើម្បីកសាងឱ្យបានឆាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាក់ ស្តែងខាងវិស័យមុខងារសាធារណៈ ពិសេសផ្នែកអភិវឌ្ឍធនធានមនុស្ស រវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងតួកគី៕