(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ដែលជាថ្ងៃ «រុក្ខទិវា ០៩ កក្កដា» បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមថែរក្សាការពារព្រៃឈើ និងដាំដុះកូនឈើការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០។
បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់»។
សូមជម្រាបថា ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀត ព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា» នេះ។ ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ៕