(សៀមរាប)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យ ការរៀបចំបើកដាក់ឲ្យដំណើរការ មន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យខេត្តសៀមរាប។
ដើម្បីពន្លឿនការធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាទឹកដីអង្គរដ៏បវរផងនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំ និងផ្តល់នូវសម្ភារ បរិក្ខារ និងការបណ្តុះបណ្តាល ដល់មន្រ្តីនៃមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីបើកឲ្យដំណើរការ មន្ទីរពិសោធន៍នេះ។
ក្នុងឱកាសទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនបងប្អូនជាបុគ្គលិក មន្រ្តីរាជការសុខាភិបាលទាំងអស់ និងបានសម្តែងនូវការកើតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីសុខាភិបាលនិង អជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញមុខងារភារកិច្ចរបស់ខ្លួនដ៏យកចិត្តទុកដាក់ខ្ពស់ និងដោយមិខខ្លាចនឿយហត់ ដើម្បីបំរើប្រជាពលរដ្ឋ ជាពិសេសក្នុងការការបង្ការ និងព្យាបាលជំងឺកូវីដ១៩ ក្នុងពេលកន្លងមក។
សូមបញ្ជាក់ថា មន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប បាននិងកំពុងរៀបចំប្រើម៉ាស៊ីន GeneXpert សំរាប់ការធ្វើតេស្តរហ័សរកមេរោគកូវីត១៩ ដែលវិធីសាស្រ្តនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងអង្គការ FDA របស់សហរដ្ឋអាមេរិច។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញធ្វើយ៉ាងណាឲ្យមន្ទីរពិសោធន៍នេះ អាចចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុង២ទៅ៣សប្តាហ៍ខាងមុខនេះ។ លើសពីនេះទៀត លោកបានបញ្ជាក់ថា ក្រោយពីការៀបចំដំណើរការធ្វើតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដោយជោគជ័យក្រសួងសុខាភិបាល នឹងបន្តពង្រីកទៅខេត្តផ្សេងៗទៀត។
លោករដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ និងជាពិសេសបុគ្គលិក មន្រ្តីសុខាភិបាល និងមន្រ្តីពាក់ពន្ធ័ទាំងអស់ មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ ក្នុងការបង្ការការចំលងមេរោគកូវីដ១៩ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន។ ថ្វីត្បិតតែបច្ចុប្បន្ននេះករណីថ្មី នៅប្រទេសកម្ពុជាយើង សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសក៏ដោយ ក៏សូមយើង ទាំងអស់គ្នាបន្តប្រុងប្រយ័ត្ន ការពារខ្លួនកំរិតខ្ពស់ព្រោះថា ហិនិភ័យនៃការចំលងមកកម្ពុជា នៅតែមានដោយសារ ការរាតត្បាតនៃមេរោគនេះ នៅក្នុងពិភពលោក ពុំទាន់ថមថយនៅឡើយ ហើយការចល័តប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ។ លើសពីនេះទៀតជំងឺនេះពុំទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ៕