(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញទៅសំណេះសំណាល និងលើកទឹកចិត្តដល់ កម្លាំងកងរាជអាវុធហត្ថខេត្ត នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ និងស្នាដៃដែលកម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តពោធិ៍សាត់ សម្រេចបានក្នុងរយៈពេល ពេញមួយឆ្នាំ២០១៥កន្លងមក។ សមិទ្ធផល និងស្នាដៃទាំងអស់នេះកើតចេញមកមកការខិតខំប្រឹងប្រែងអនុវត្តតួនាទី និងបំពេញភារកិច្ចរបស់កម្លាំងកងរាជអាវុធហត្ថ គ្រប់ថ្នាក់ទាំងអស់ ចាប់តាំងពីមេបញ្ជាការរហូតដល់មន្រ្តីថ្នាក់ក្រោម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកលោក ពុំដែលធ្លាប់បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានកម្លាំងកងរាជអាវុធហត្ថ អនុវត្តខុសភារកិច្ច ឬយកតួនាទីទៅកៀបសង្កត់កេងយកប្រយោជន៍ធ្វើឲ្យ ប៉ះពាល់ដល់ជីវភាព ឬសតិអារម្មណ៍របស់ប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ គឺមានប្រជាពលរដ្ឋសរសើរ និងថ្លែងអំណរគុណ ដល់កម្លាំងកងរាជអាវុធហត្ថ ដែលបានជួយការពារសន្តិសុខ សុវត្ថិភាពធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងរស់នៅ ក្នុងភាពសុខដុមរមនា។
លោកអភិបាលខេត្ត សូមឲ្យកម្លាំងកងរាជអាវុធហត្ថទាំងអស់ បន្តរក្សានូវស្នាដៃល្អនេះ និងការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អបន្តទៅមុខទៀត។ លោកអភិបាលខេត្តបានបន្តថា ក្នុងនាមជាកងកម្លាំង ដែលមានភារកិច្ចថែរក្សាសន្តិភាព សុវត្ថិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវតួនាទី រក្សាឲ្យបាននូវ សេចក្តីថ្លៃថ្នូ និងក្រមសីលធម៌ ទើបកម្លាំងរបស់យើងជាកម្លាំងដែលខ្លាំង ហើយបច្ចាមិត្តមិនហ៊ាន និងមិនអាចបៀតបៀនយើងបាន។
ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់យើងមានភាពរឹងមាំង និងសមត្ថភាព ធ្វើឲ្យបច្ចាមិត្តមិនអាចប៉ះពាល់ដល់ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង សូម្បីមួយមីលីម៉ែត្រ។ ច្បាប់មានលក្ខណៈចាប់បង្ខំ និងតឹងរ៉ឹង ប៉ុន្តែក្នុងតួនាទីជាអ្នកទទួលខុសត្រូវការអនុវត្តច្បាប់ យើងត្រូវចេះ ប្រើប្រាស់វិធីសាស្រ្តទន់ភ្លន់ ដោយផ្អែកលើស្ថានភាពជាក់ស្តែង ពិនិត្យឲ្យបានហ្មត់ចត់ និងច្បាស់លាស់ មុននឹងចាត់វិធានការ ចៀសវាងឲ្យបាននូវកំហុសក្នុងពេលអនុវត្តវិធានការ។ ភាពកក់ក្តៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺកើតចេញពីការអនុវត្តនូវទួនាទី និងភារកិច្ចរបស់យើងទាំងអស់គ្នាបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានផ្តាំផ្ញើរ ដល់មេបញ្ជាការចាប់ពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋានទាំងអស់ ក្នុងនាមជា «មេ» ត្រូវមានព្រហ្មវិហារធម៌ទាំង៤ ជាមួយកូនចៅថ្នាក់ក្រោម និងត្រូវបង្កលក្ខណៈឲ្យមានវប្បធម៌ស្រឡាញ់គ្នា និងសាមគ្គីគ្នានៅក្នុងអង្គភាព ដើម្បីឲ្យកងកម្លាំងយើង កាន់តែមានភាពជិតស្និទ្ធ ភាពស្មោះត្រង់ និងចូលរួមទាំងសុខ និងទុក្ខជាមួយគ្នា ដែលទាំងអស់នេះ គឺជាប្រពៃណីដ៏ថ្លៃថ្នូរ និងមាន តម្លៃរបស់ខ្មែរយើង តាំងពីបុរាណកាលមក។
នៅក្នុងពិធីនេះ លោកអភិបាលខេត្តបានជូនវត្ថុអនុស្សាវរីយ៍ ដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ទូទាំង ខេត្តពោធិ៍សាត់នូវសារុងម្នាក់មួយ និងបានឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នូវប្រេងចំនួន១.០០០លីត្រ អង្ករ០១តោន ថវិកា២លានរៀន ព្រមទាំងបានដោះស្រាយ សំណូមពររបស់អង្គភាព មួយចំនួនផងដែរ៕