(កំពង់ធំ)៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ គឺជាខួប៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយនៅថ្ងៃនេះទៀតសោត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរួមគ្នារៀបចំពិធីអបអរសាទរ ខួបនៃការដាក់បញ្ចូលនេះ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខលូ អភិបាលខេត្តកំពង់ធំ ជាមួយអាជ្ញាធរប្រាសាទសំបូរព្រៃគុក អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ នៅមុខប្រាសាទយាយព័ន្ធ។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថា ប្រទេសកម្ពុជាយើង គឺមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ មានដើមកំណើតច្បាស់លាស់ ចេះកសាងរៀបចំវប្បធម៌ អរិយធម៌ដើម្បីសម្គាល់ជាអត្តសញ្ញាណរបស់ខ្លួន មានដូចជា ភាសា អក្សរ សិល្បៈ ចម្រៀង ឧបករណ៍តន្ត្រី ម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ជាដើម។

ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ ប្រជាជាតិកម្ពុជាទាំងមូល ព្រោះថាសម្បត្តិវប្បធម៌ដ៏ល្អឯកនេះ បានក្លាយជាមរតកប្រកបដោយសក្តានុពលដ៏ ធំធេងបំផុតក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍។

លោក សុខ លូ បានអះអាងទៀតថា ហេតុផលទាំងអស់នេះហើយ ដែលទាមទារឲ្យយុវជន ដែលជាទំពាំងស្នងឬស្សី ត្រូវដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំកសាងសម្បត្តិវប្បធម៌ដ៏សម្បូរណ៍ បែបនេះសម្រាប់យុវជន ជំនាន់ក្រោយៗ និងរួមគ្នាថែរក្សាឲ្យបានគង់វង្ស។

លោកក៏បានបន្តទៀតថា រយៈពេល៣ឆ្នាំ នៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភលោក បានធ្វើឲ្យខេត្តកំពង់ធំ សង្កេតឃើញថា ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងនោះភ្ញៀវមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារពួកគេចង់ឃើញចងស្គាល់នូវសម្បត្តិ បេតិកភ័ណ្ឌដ៏មអស្ចារ្យមួយនេះ។

ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការដាក់ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាមានសារៈសំខាន់ និងមានមោទនភាពខ្លាំងណាស់ សម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកំសាន្តយ៉ាងត្រជាក់ចិត្ត។

លោកថា នៅជុំវិញប្រាសាទសំបូរទៅដោយដើមឈើធំៗជាច្រើន ជួយលើកសម្រស់ប្រាសាទឲ្យកាន់តែស្រស់ស្អាតថែមទៀត។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរប្រាសាទសំបូរព្រៃគុក ត្រូវខិតខំជួយការពារ និងថែរក្សាបេតិកភ័ណ្ឌនេះ ឲ្យបានគង់វង្សទៅអនាគត នូវវប្បធម៌ដែលជា អត្តសញ្ញាណរបស់ជាតិ។ ពិសេសយុវជនត្រូវបង្កើតការយកចិត្តទុកដាក់ស្វែងយល់ និងស្គាល់ឲ្យច្បាស់អំពីតួនាទីចម្បងរបស់ខ្លួន ក្នុងការការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ៕