(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានដឹកនាំមន្ត្រីភូមិបាល សាធារណការ និងសង្កាត់-ភូមិ ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាជនរស់នៅក្នុងភូមិ១៥ (កូលាប១) សង្កាត់ស្រះចក ដើម្បីស្វែងយល់ពីស្ថានភាព ជាក់ស្តែងនៃការរស់នៅរបស់ ប្រជាពលរដ្ឋនៅទីនោះ។
សូមបញ្ជាក់ថា កូលាបទី១ ជាអតីតមណ្ឌលកុមារកំព្រា ក្នុងចំណោមមណ្ឌលកូលាបទាំង៦ នៅរាជធានីភ្នំពេញ ប៉ុន្តែមណ្ឌលកូលាបទី២ដល់ទី៦ ត្រូវរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍ ទៅទីកន្លែងពាណិជ្ជកម្ម ពោលនៅសល់តែទីតាំងកូលាបទី១នេះទេ ខណៈមានប្រជាពលរដ្ឋជាច្រើនរយគ្រួសារ រស់នៅទីនេះជាយូរឆ្នាំមកហើយ។
លោកអភិបាលខណ្ឌដូនពេញ គួច ចំរើន បានសាកសួរអំពីស្ថានភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅទីនោះ និងប្រាប់ឲ្យជួយសហការជាមួយអាជ្ញាធរ សមត្ថកិច្ចចូលរួមពង្រឹងបញ្ហាសន្តិសុខ ក៏ដូចជា ការទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើង ជាពិសេសបញ្ហាគ្រឿងញៀន និងចោរកម្មជាដើម៕