(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក កែវ សុភា អភិបាលរងខណ្ឌ និងមន្រ្តីជំនាញខាងភូមិបាល ព្រមទាំងមន្រ្តីមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើការវាស់វែងនៅទីតាំងករណីសង់ផ្ទះរំលោភដីផ្លូវ របស់នាយរងប៉ុស្តិ៍កាកាប ឈ្មោះ ភា ប្រុស ស្ថិតនៅភូមិសំបកឪឡឹក សង្កាត់កាកាប ហើយអាជ្ញាធរលើកឡើងថា មិនបានសង់រំលោភលើចិញ្ចើមផ្លូវនោះឡើយ, ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ និងប្រើប្រាស់ផ្លូវនោះ បានថ្លែងអះអាងថា ពិតជាអយុត្តិធម៌! ការវាស់វែងករណីសង់ផ្ទះ រំលោភផ្លូវសាធារណរបស់នាយរងប៉ុស្តិ៍កាកាប គឺមានការត្រូវរ៉ូវគ្នារវាងម្ចាស់ និងអាជ្ញាធរខណ្ឌដែលចុះពិនិត្យ ការវាស់វែង។
លោកស្រី ឆាយ ម៉ិច ជាម្ចាស់ដើមបណ្តឹងបានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយបានរៀបរាប់ថា៖ «ឈ្មោះ ជា ប្រុស ឬ ភា ប្រុស បានសាងសង់ផ្ទះរំលោភលើផ្លូវសាធារណៈលេខ១០៥K ប្រហែលប្រវែង១ម៉ែត្រ ដោយក្នុងប្លង់ LMAP ផ្លូវនេះមានប្រវែង៧ម៉ែត្រ និងបានដាក់ថ្មខ្សាច់សម្ភារៈសំណង់នៅលើ ផ្លូវបណ្តោយផ្លូវតូចចង្អៀតពិបាកធ្វើដំណើរចេញចូល»។ លោកស្រី ឆាយ ម៉ិច បានស្នើសុំឲ្យអភិបាល ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ឲ្យឈ្មោះ ជា ប្រុស ឬ ភា ប្រុស រុះរើសំណង់ផ្ទះចេញ រក្សាផ្លូវទទឹង៧ម៉ែត្រ តាមប្លង់ LMAP ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋដែលរងគ្រោះបានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះថា «អភិបាលរងខណ្ឌ លោក កែវ សុភា និងឈ្មោះ ភា ប្រុស គឺជាមិត្តភក្តិផឹកស៊ីជាមួយគ្នា, អញ្ជឹងពេលចុះមកពិនិត្យ និងវាស់គឺគ្រាន់តែធ្វើបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ពួកយើងទាមទារដើម្បីផ្លូវសាធារណទេ ដើម្បីងាយស្រួលចេញចូល មិនមែនដើម្បីផលប្រយោជន៍ខ្លួនឯងនោះទេ សូមមេត្តាជួយរកយុត្តិធម៌ផង ហើយប្រសិនអាជ្ញាធរខណ្ឌមិនជួយដោះស្រាយទេ ពួកយើងនឹងដាក់ពាក្យបណ្តឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយទៀត»។
សូមជំរាបថា ក្រោយមានប្រជាពលរដ្ឋ បានផ្ញើសារប្តឹងទៅកាន់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook ករណីនាយរងប៉ុស្តិ៍សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ សង់ផ្ទះល្វែងរបស់ខ្លួន រំលោភលើចិញ្ចើមផ្លូវនោះ ស្រាប់តែនៅរសៀលថ្ងទី២០ ខែមករា ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក កែវ សុភា អភិបាលរងខណ្ឌ និងមន្រ្តីជំនាញខាងភូមិបាល ព្រមទាំងមន្រ្តីមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើការវាស់វែងនៅទីតាំងនោះ ស្ថិតនៅភូមិសំបកឪឡឹក សង្កាត់កាកាប។ ជាលទ្ធផលក្រោយការវាស់វែងត្រូវបានមន្រ្តីអះអាង លោក ភា ប្រុស នាយរងប៉ុស្តិ៍សង្កាត់កាកាប មិនបានសង់រំលោភលើចិញ្ចើមផ្លូវនោះឡើយ។
ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ និងប្រើប្រាស់ផ្លូវនោះ បានថ្លែងអះអាងថា ពិតជាអយុត្តិធម៌ ! ការវាស់វែងករណីសង់ផ្ទះ រំលោភផ្លូវសាធារណរបស់នាយរងប៉ុស្តិ៍កាកាប គឺមានការត្រូវរ៉ូវគ្នាជួយបិទបាំងការរំលោភដីផ្លូវសាធារណៈដើម្បីយកធ្វើជារបស់ខ្លួនឯង៕