(ភ្នំពេញ)៖ ស្រ្តីអាជីវករផ្សារ ងិន អាន ហៅផ្សារទំនប់២នាក់ ដែលបានដួលសន្លប់កាលពីម្សិលមិញ ដោយសារក្រុមសន្តិសុខ Newrich វាយតប់នោះ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីឲ្យជួយរកយុតិ្តធម៌ ដល់ពួកគេផង។ ស្រ្តីរងគ្រោះទាំង២នាក់ ក៏សូមអំពាវដល់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ករណីនេះផង ដើម្បីជួយរកយុត្តិធម៌ ដល់ស្រ្តីទន់ខ្សោយដូចពួកគេផង។

សូមបញ្ជាក់ថា ស្ត្រី២នាក់ជាអាជីវករ ក្នុងចំណោមអាជីវករជាច្រើននាក់ ក្នុងផ្សារទំនប់ហៅផ្សារ ងិន អាន បានដួលសន្លប់ នឹងត្រូវបានដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ក្រោយក្រុមសន្តិសុខ តំណាងក្រុមហ៊ុន Newrich ជិត១០នាក់បានចូលក្នុងផ្សារ តបណ្ដាញខ្សែភ្លើងថ្មី ត្រូវក្រុមអាជីវករដេញ រហូតមានការប្រតាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុច ក្នុងផ្សារភូមិទួលគោ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះទី១ ឈ្មោះ សួន លីណា អាយុ២៧ឆ្នាំ មុខរបរជាអ្នកលក់កាហ្វេក្នុងផ្សារ និងទី២ ឈ្មោះ សូ ភាព អាយុ៣៧ឆ្នាំ មុខរបរជាអ្នកលក់ផ្លែឈើក្នុងផ្សារ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។

បើតាមក្រុមអាជីវករ មុនកើតហេតុគេឃើញមនុស្សមួយក្រុម តំណាងឲ្យក្រុមហ៊ុន Newrich ដែលជាអ្នកគ្រប់គ្រងវិនិយោគ ដីផ្សារទំនប់បានចូលមកក្នុងផ្សារ ធ្វើសកម្មភាពរុះរើខ្សែរភ្លើង ដើម្បីតបណ្ដាញថ្មី ខណៈទំនាស់ដ៏រ៉ាំរ៉ៃរវាង ក្រុមហ៊ុន Newrich និងអ្នកវិនិយោគបន្ត លោក អ៊ូ សេដ្ឋានូ ពុំទាន់ដោះស្រាយចប់នៅឡើយ ទើបបណ្ដាលឲ្យក្រុមអាជីវករផ្សារជាច្រើននាក់ ដេញសន្តិសុខទាំងនោះចេញ រហូតឈានដល់ការ ប្រើអំពើហិង្សាប្រតាយប្រតប់គ្នា ទៅវិញទៅមកបណ្ដាលឲ្យ ស្ត្រីជាអាជីវករ២នាក់សន្លប់ និងត្រូវបានអាជីវករដូចគ្នា ដឹកយកទៅមន្ទីរពេទ្យហ្សាកាលីន ដែលនៅក្បែរនោះ ដើម្បីសង្គ្រោះភ្លាមៗផងដែរ។

នៅថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៦ ក្រុមអាជីវករផ្សារទំនប់ បាននាំទៅតវ៉ា ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ ខ្លួនចំនួន២នាក់ ដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ហើយរហូតមកដល់ពេលនេះ មិនទាន់មានការដោះលែង នៅឡើយទេ។ ក្រុមហ៊ុន Newrich ត្រូវបានគេលួចបង្ហើបថា មានមន្រ្តីយោធាជាន់ខ្ពស់ នៅពីក្រោយខ្នង៕

 

Posted by Fresh News Photo on Wednesday, January 20, 2016