(ភ្នំពេញ)៖ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សា ស្តីពីការវិនិច្ឆ័យមុខរបរ និងការងារនៅកម្ពុជា ដែលសិក្សារួមគ្នាដោយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការពលកម្មអន្តរជាតិ (ILO)។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី អង្គការពលកម្មអន្តរជាតិ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិលផងដែរ។
លោករដ្ឋលេខាធិការ វង្សី វិស្សុត ថ្លែងថារបាយការណ៍សិក្សាដ៏មានតម្លៃនេះ នឹងចូលរួមជាធាតុចូល ដក់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធនបរិយាប័ន្ន និងភាពប្រកួតប្រជែង។
លោករដ្ឋលេខាធិការ បានបន្តថា របកគំហើញ និងអនុសាសន៍ នៃការសិក្សា នេះគឺមានភាពសមស្រប និងទាក់ទងទៅនឹងបញ្ហាគោលបាយ របស់កម្ពុជា។ រាជរដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ថា នឹងត្រូវដោះស្រាយបញ្ហាទាំងនេះ ដើម្បីសម្រួលដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវ គុណភាពការងារ, ការអភិវឌ្ឍជំនាញ, ជំរុញផលិតភាព និងប្រាក់ឈ្នួល ដើម្បីទទួលបាននូវវិបុលភាព ទាំងអស់គ្នា។
លោក វង្សី វិស្សុត បានបញ្ជាក់ថា «បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរ រចនាសម្ព័ន្ធ ដោយហេតុថាកំណើនកន្លងមក ភាគច្រើនពឹងផ្អែកលើកំលាំងពលកម្ម ដែលមានថ្លៃថោក កំលាំង ពលកម្មមិនមានជំនាញ និងមូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត។ ក្នុងបរិបទនេះ កម្ពុជាកំពុងប្រឈមនឹងបញ្ហា ចំបងពីរគឺការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការបង្កើតការងារ»។
លោករដ្ឋលេខាធិការ បានលើកឡើងថា «ការបង្កើតការងារដោយមិនមានការអភិវឌ្ឍជំនាញ នឹងនាំឱ្យមានការកើនឡើង នូវភាពងាយរងគ្រោះក្នុងការងារ ខណៈដែលការអភិវឌ្ឍជំនាញ ដោយមិនមានការបង្កើតការងារ នឹងនាំឱ្យមានភាពអត់ការងារ ធ្វើចំពោះអ្នកដែលទទួលបានការអប់រំ»។ ការធ្វើតុល្យភាពរវាង «ការបង្កើត ការងារ» និង «ការអភិវឌ្ឍជំនាញ» គឺជាចំណុចស្នូលនៃបញ្ហាប្រឈម នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលអនាគត។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទីប្រាំមក រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់ លើការដោះស្រាយបញ្ហាការងារ, ការបណ្តុះបណ្តាលជំនាញចំពោះយុវជន ក្នុងគោលបំណងស្រូបយកកំលាំងពលកម្មថ្មី និងប្រើប្រាស់សក្តានុពល នៃភាគលាភប្រជាសាស្រ្ត។ ហើយកាលពីឆ្នាំមុនរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហកម្មសំដៅបង្កើន តម្លៃបន្ថែមសម្រាប់ឧស្សាហកម្មបច្ចុប្បន្ន និងដើម្បីសម្រួលការផ្លាស់ប្តូរ ទៅកាន់វិស័យ ដែលកាន់តែមានផលិតភាពខ្ពស់ជាងមុន ក៏ដូចជាធ្វើពិពិធកម្មការងារ ក្នុងវិស័យផលិតកម្ម។
ទន្ទឹមនេះរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមភ្លោះ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការងារផ្លូវការ ក៏ដូចជាដើម្បីបំពេញកង្វះខាតពលករជំនាញ នាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលបានបង្កើន ការចំណាយជាបន្តបន្ទាប់ ដល់ក្រសួងពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៦នេះ ក្រសួងអប់រំយុវជននិងកីឡា ទទួលបានកំណើនថវិកាចរន្តចំនួន២៨,២% ហើយក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ ទទួលបានកំណើនថវិកាចរន្តចំនួន៤៥,៨% ដោយមិនទាន់គិតបញ្ចូល នូវចំណាយមូលធន និងថវិកាហិរញ្ញប្បទាន ពីដៃគូនានា៕