(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុទាំងអស់ ទៅធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា សម្រាប់ត្រៀមខ្លួន នៅក្នុងការបោះឆ្នោតជាតិ នាពេលខាងមុខនេះ។
ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានចូលរួមធ្វើអត្តសញ្ញាណបណ្ណ របស់លោកឡើងវិញ នៅស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ។
លោក កឹម សុខា បានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុសម្រាប់ ការធ្វើអត្ដសញ្ញាណប័ណ្ណ សូមអញ្ជើញទៅធ្វើអត្ដសញ្ញាណប័ណ្ណ ឲ្យបានគ្រប់ៗគ្នា ដើម្បីជាឯកសារសម្គាល់ខ្លួន ហើយជាពិសេស ជាឯកសារសម្រាប់ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត»។
ជាមួយគ្នានេះដែរ អនុប្រធានគណបក្សប្រឆាំងមួយនេះ ក៏បានអំពាវនាវផងដែរ ដល់មន្រ្តីនគរបាលទាំងអស់ ដែលមានភារកិច្ចធ្វើអត្ដសញ្ញាណប័ណ្ណ ឱ្យជួយសម្រួលដល់ប្រជាពលរដ្ឋ អាចធ្វើអត្ដសញ្ញាណប័ណ្ណនេះបានគ្រប់ៗគ្នា និងឲ្យបានទាន់ពេលវេលា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅឆ្នាំ២០១៧ ខាងមុខនេះ ចំណែកការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើនៅឆ្នាំ២០១៨៕