(ភ្នំពេញ)៖ អង្គការមូលនិធិបង្ការរបួសអាស៊ី នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការប្រកាសផ្តើមអនុវត្តកម្មវិធីប្រឡងប្រណាំង «ឃុំ-សង្កាត់គំរូលើការជំរុញការពាក់មួកសុវត្ថិភាព» ក្នុងបំណងបង្កើនកំរិតនៃការពាក់មួកសុវត្ថិភាព និងការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងឃុំ-សង្កាត់។ 

តាមរយៈគម្រោង «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ឃុំ-សង្កាត់បានទទួលការគាំទ្រ និងលើកទឹកចិត្តឲ្យអនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍ ប្រកបដោយភាពច្នៃប្រឌិត សកម្មភាពដែលមានការចូលរួម និងក្នុងភាពជាដៃគូក្នុងអំឡុងពេលនៃការប្រឡងប្រណាំង។

ក្រោមជំនួយឧបត្ថម្ភពីមូលនិធិក្រុមហ៊ុន UPS (The UPS Foundation) ការប្រឡងប្រណាំងមានបំណងធ្វើឲ្យ ឃុំ-សង្កាត់ គោលដៅទាំង១៨ កាន់តែមានសុវត្ថិភាព និងមានអ្នកប្រើប្រាស់ផ្លូវប្រកបដោយចំណេះដឹង និងឥរិយាបទល្អផ្នែកសុវត្ថិភាពចរាចរណ៍។ អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រើប្រាស់ការប្រឡងប្រណាំងនេះ ជាសកម្មភាពមួយដើម្បីជំរុញការរួមចំណែកកាត់បន្ថយការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

មានការរំពឹងទុកថា ឃុំ-សង្កាត់នឹងចូលរួមយ៉ាងសកម្មដើម្បីអប់រំផ្សព្វផ្សាយអំពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ថ្មី) និងវិធានសុវត្ថិភាពចរាចរណ៍ ជាពិសេសលើការពាក់មួកសុវត្ថិភាព និងបង្កើនកំរិតនៃការពាក់មួកសុវត្ថិភាពឲ្យកើនឡើងខ្ពស់ជាអតិបរមា។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ឃុំ-សង្កាត់ជាគោលដៅនឹងធ្វើការចុះឈ្មោះ ចូលរួមការប្រឡងប្រណាំងសម្រាប់ពានរង្វាន់ខាងលើ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០១៦។ តាមរយៈការប្រឡងប្រណាំងនេះ អង្គការមូលនិធិបង្ការរបួសអាស៊ីនឹងធ្វើការជ្រើសរើសឃុំ សង្កាត់ចំនួនបីជាជ័យលាភីពានរង្វាន់» "ឃុំ-សង្កាត់គំរូលើការជំរុញការពាក់មួកសុវត្ថិភាព" ពីក្នុងចំណោមឃុំ សង្កាត់គោលដៅទាំង១៨។

លោកបានបន្ដថា ការជ្រើសរើសនឹងធ្វើឡើងដោយក្រុមការងារវាយតម្លៃ ដែលមានសមាសភាពមកពីអគ្គលេធិការដ្ឋាននៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) អគ្គស្នងការដ្ឋាននគរបាលជាតិ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ នៃក្រសួងមហាផ្ទៃ អង្គកាភ្លែនអន្តរជាតិកម្ពុជា អង្គការផេកកម្ពុជា លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី និងខេត្ត និងអង្គការមូលនិធិបង្ការរបួសអាស៊ី។

តំណាងឃុំ-សង្កាត់ជាជ័យលាភី នឹងធ្វើទស្សនកិច្ចសិក្សាទៅប្រទេសថៃ ដើម្បីដកស្រង់បទពិសោធន៍បន្ថែមលើការងារសុវត្ថិភាពចរាចរណ៍ និងអំពីសកម្មភាពលើកកម្ពស់ការយល់ដឹង ការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារ។

ពិធីប្រកាសផ្តើមនេះការចូលរួមជាអធិបតីភាពពី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ លោក ស្រី មឹន មាណវី និងលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគ.ជ.អ.ប។

លោកស្រី មឹន មាណវី ថ្លែងថា អាជ្ញាធរឃុំ-សង្កាត់ ត្រូវខិតខំរិះរកគំនិតច្នៃប្រឌិតបន្ថែម ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងប្រណាំង ក៏ដូចជាការរិះរកនូវវិធានការដែលមានប្រសិទ្ធភាព សំដៅជំរុញប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់ពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមទោចក្រយានយន្តឲ្យបានគ្រប់ៗគ្នា គ្រប់ពេលវេលានៅក្នុងសហគមន៍ផ្ទាល់ និងនៅទូទាំងរាជធានី ខេត្តទូទាំងប្រទេស។

លោក លេង វី បានថ្លែង ឃុំ-សង្កាត់មានតួនាទីធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ ហេតុនេះយើងត្រូវលើកទឹកចិត្តឲ្យ ឃុំ-សង្កាត់ អនុវត្តតួនាទី ភារកិច្ចខាងលើប្រកបដោយប្រសិទ្ធភាព ក្នុងនោះការចាត់វិធានការទៅលើបញ្ហាសុវត្ថិភាពចរាចរណ៍ ក៏ដូចជាដាក់បញ្ចូលបញ្ហានេះ ទៅក្នុងផែនការអភិវឌ្ឍន៍របស់ឃុំ-សង្កាត់ រយៈពេលវែងគឺជាការចាំបាច់បំផុត»។
លោកបន្ដថា ការប្រឡងប្រណាំងពានរង្វាន់ ឃុំ-សង្កាត់គំរូលើការជំរុញការពាក់មួកសុវត្ថិភាពនេះ គឺជាកំលាំងចលករនៃគំនិតផ្តួចផ្តើមដើម្បីសុវត្ថិភាពចរាចរណ៍ ក្នុងការជួយសង្គ្រោះជីវិតក្នុងសហគមន៍ និងឈានទៅធ្វើឲ្យសហគមន៍របស់ពួកគេ កាន់តែមានសុវត្ថិភាពទៀតផង៕

លោក គឹម បញ្ញា៖ ឃុំ-សង្កាត់ ត្រូវបានលើកទឹកចិត្តឲ្យបំពេញតួនាទីជា...

លោក គឹម បញ្ញា៖ ឃុំ-សង្កាត់ ត្រូវបានលើកទឹកចិត្តឲ្យបំពេញតួនាទីជាគំរូ ផ្នែកសុវត្ថិភាពចរាចរណ៍(ភ្នំពេញ)៖ អង្គការមូលនិធិបង្ការរបួសអាស៊ី នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការប្រកាសផ្តើមអនុវត្តកម្មវិធីប្រឡងប្រណាំង «ឃុំ-សង្កាត់គំរូលើការជំរុញការពាក់មួកសុវត្ថិភាព» ក្នុងបំណងបង្កើនកំរិតនៃការពាក់មួកសុវត្ថិភាព និងការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងឃុំ-សង្កាត់។

Posted by Fresh News on Wednesday, January 20, 2016
 

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា