(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ខ្លួន តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង»។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការសម្របសម្រួល និងដឹកនាំដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ខណៈប្រតិភូរបស់រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ហ៊ូ វតនៈ សមាជិកក្រុមប្រឹក្សា និងលោក រស់ ផារិទ្ធ អភិបាលរងខេត្ត។
តាមរយៈសន្និសីទសារព័ត៌មាននេះ លោក រស់ ផារិទ្ធ បានបង្ហាញអំពីសមិទ្ធផល និងការរីកចម្រើនរបស់ខេត្តដូចខាងក្រោម៖
* គិតមកដល់ពេលនេះ នៅទូទាំងខេត្តមានអគារសិក្សា ៩៦៣ខ្នង ស្មើនឹង៤,១២៤បន្ទប់ មានសាលារៀនគ្រប់កម្រិតសិក្សា រួមមាន សាលាមតេ្តយ្យរដ្ឋ ៣៤២សាលា ក្នុងនោះសាលាមតេ្តយ្យ ដាច់ដោយឡែកមានចំនួន០៦សាលា មតេ្តយ្យសហគមន៍១៧២កន្លែង សាលាបឋមសិក្សា២៦២សាលា អនុវិទ្យាល័យ៥៤សាលា វិទ្យាល័យ២០សាលា សាលាគរុកោសល្យនិងវិក្រឹតការ ០១កន្លែង និងមានសាកលវិទ្យាល័យ ០១កន្លែង។
* វិស័យកសិកម្ម៖ នៅទូទាំងខេត្ត មានផ្ទៃដីផលិតកម្មកសិកម្ម សរុប ២១៣,៤០០ហិកតា ក្នុងនោះផ្ទៃដីផលិតកម្មដំណាំស្រូវ ១៨៨,០០០ហិកតា (ស្រូវវស្សា ១៦៧,៥០០ហិកតា និងស្រូវប្រាំង ២០,៥០០ហិកតា) ដំណាំគ្រប់ប្រភេទ ២៣,១០០ហិកតា និងផ្ទៃដីដំណាំកៅស៊ូជាលក្ខណៈគ្រួសារមានចំនួន ២,៣០០ហិកតា ផ្ទៃដីដំណាំអំពៅស្ករ ៦,៤០០ហិកតា ដំឡូងមី ៤,៩០០ហិកតា។
ក្នុងរដូវស្សាឆ្នាំ២០១៩កន្លងទៅនេះ ការបង្កបង្កើនផលស្រូវវស្សាអនុវត្ត បានលើផ្ទៃដីសរុប ១៦៩,៨២០ហិកតា ស្មើនឹង ១០១.៣៨% នៃផែនការ ទទួលបានទិន្នផល ជាមធ្យម ២.៩តោន/ហិកតា ការអនុវត្តស្រូវរដូវប្រាំង សម្រេចបានលើផ្ទៃដីសរុប ២០,១០២ហិកតា ស្មើនឹង៩៨% នៃផែនការ ទិន្នផលជាមធ្យម ៤តោន/ហិកតា។
* ការងារធនធានទឹក និងប្រព័ន្ធធារាសាស្រ្ត៖ ខេត្តស្វាយរៀង មានប្រភពទឹកសំខាន់ៗ ដែលជាសក្តានុពលបម្រើឲ្យការប្រើប្រាស់ និងស្រោចស្រព មានចំនួន៣កន្លែង គឺ ទន្លេកំពង់ត្រាច ស្ថិតនៅស្រុករមាសហែក ទន្លេវ៉ៃគោ ស្ថិតនៅក្រុងស្វាយរៀង និងព្រែកកម្ពុជា-វៀតណាម ក្រៅពីនេះក៏នៅមាន ព្រែក អូរ មួយចំនួនទៀត។
ខេត្តបានធ្វើការជួសជុល ស្ដារ និងកសាងសំណង់ស្ទាក់ទឹក អាងទឹក ស្ថានីយ៍បូមទឹក ប្រឡាយមេ ប្រឡាយរងជាច្រើនកន្លែង សម្រាប់បម្រើឲ្យការស្រោចស្រព ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ រួមមាន ប្រព័ន្ធធារាសាស្ត្រតូច ធំ ៣៥ប្រព័ន្ធ ប្រឡាយមេ ប្រឡាយរង ៤៨ខ្សែ ប្រវែង ៦១១គីឡូម៉ែត្រ ប្រឡាយជើងក្អែប ២៩៥គីឡូម៉ែត្រ ទំនប់អាងទឹក ១៥កន្លែង ស្ថានីយបូមទឹក៤កន្លែង ដែលអាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ៨៥,៦០០ហិកតា ស្មើនឹង៤៦%នៃផែនការ។
ទន្ទឹមនេះ ដោយមានការណែនាំចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បច្ចុប្បន្ន ខេត្តស្វាយរៀង បាននឹងកំពុងស្តារ និងស្ថាបនាបន្ថែមនូវប្រព័ន្ធធារាសាស្រ្តមួយចំនួនទៀត រួមមាន៖
គម្រោងស្ថាបនាប្រព័ន្ធធារាសាស្រ្ត វ៉ៃគោ ជំហានទី២ នៅក្នុងស្រុកស្វាយជ្រំ រួមមាន ប្រឡាយមេ ០២ខ្សែ ប្រវែង ២៣.៥គីឡូម៉ែត្រ អាងទឹក០១កន្លែង និងសំណង់សិល្បការ តូច ធំ មួយចំនួនទៀត ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ជាង១ម៉ឺនហិកតា។
គម្រោងស្តារប្រឡាយមេកីចកឆ្លងកាត់ ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកចន្រ្ទា ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ដែលមកដល់បច្ចុប្បន្ននេះ សម្រេចបាន៥៣គីឡូម៉ែត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៥០,០០០ហិកតា។
ខេត្តបានកំពុងស្ថាបនាទំនប់សណ្តទន្លេវ៉ៃគោ ០១ខ្សែ ប្រវែង ២,៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រេចបាន៦០%។ ទំនប់នេះមានផលប្រយោជន៍ ការពារទឹកជំនន់កុំឲ្យមានការជន់លិចលំនៅឋាន ស្រែចម្ការ និងផលដំណាំរបស់ប្រជាពលរដ្ឋ ម្យ៉ាងទៀត ដើម្បីយកទឹកសម្រាប់ការផលិតទឹកស្អាត ជូនប្រជាពលរដ្ឋ ប្រើប្រាស់នៅក្នុងក្រុងស្វាយរៀង ជាពិសេសសម្រាប់ការរៀបចំកែលម្អសោភ័ណភាពខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ថែមទៀត។
* វិស័យសុខាភិបាល៖ នៅទូទាំងខេត្តមានមន្ទីរពេទ្យបង្អែកខេត្ត ០១កន្លែង មន្ទីរពេទ្យបង្អែកក្រុង ស្រុកចំនួន ០៥កន្លែង រួមមាន មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ៤កន្លែង មានមណ្ឌលសុខភាព ៤៤កន្លែង និងប៉ុស្ដិ៍សុខភាព២កន្លែង។
* វិស័យសាធារណការ និងការដឹកជញ្ជូន៖ នៅទូទាំងខេត្តស្វាយរៀង មានផ្លូវថ្នល់សរុបចំនួន ៥០ខ្សែ ប្រវែងសរុប ៧៧១ គីឡូម៉ែត្រ ក្នុងនោះផ្លូវអ៊ុតកៅស៊ូ AC/DBST ប្រវែង៣០៣ គីឡូម៉ែត្រ ផ្លូវម៉ាកាដាមប្រវែង ៣,៥០០ម៉ែត្រ ផ្លូវបេតុង ប្រវែង ៥,១៥០ម៉ែត្រ និងផ្លូវក្រួសក្រហមប្រវែង ៤៦០គីឡូម៉ែត្រ។ ផ្លូវជាតិ មានចំនួន ០៣ខ្សែ គឺផ្លូវជាតិលេខ១ ក្រាលកៅស៊ូប្រភេទ DBST និងAC ប្រវែង ៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ១៣ និងលេខ១៨ ក្រាលកៅស៊ូប្រភេទ DBST មានប្រវែង៨៤គីឡូម៉ែត្រ។ ផ្លូវខេត្ត មានចំនួន៤៧ខ្សែ ប្រវែងសរុប៦២២ គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង១៥៤គីឡូម៉ែត្រ ផ្លូវម៉ាកាដាមប្រវែង ៣,៥០០ម៉ែត្រ ផ្លូវបេតុងមានប្រវែង ៥,១៥០ម៉ែត្រ និងផ្លូវក្រួសក្រហមប្រវែង ៤៦០គីឡូម៉ែត្រ ស្ពានមានចំនួន៤១កន្លែង មានប្រវែងសរុប១,៣០៨ម៉ែត្រ។
* វិស័យអភិវឌ្ឍន៍ជនបទ៖ វិស័យអភិវឌ្ឍន៍ជនបទ ក៏ជាវិស័យអាទិភាពដ៏សំខាន់ផងដែរ ដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលបានសបញ្ជាក់ឲ្យឃើញតាមរយៈលទ្ធផល នៃការស្តារ និងស្ថាបនាឡើងវិញនូវផ្លូវថ្នល់ ទាំងនៅទីក្រុង និងជនបទ ដោយបានប្រែក្លាយបន្តិចម្តងៗ ពីផ្លូវដី ផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ និងបេតុង ដែលបច្ចុប្បន្នផ្លូវជនបទគ្រប់ប្រភេទ នៅក្នុងខេត្តមានចំនួន៧៦៤ខ្សែ សរុបប្រវែង២,៧១៤គីឡូម៉ែត្រ។
ទន្ទឹមនេះ ចំពោះការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យនៅតាមជនបទ មានការកើនឡើង ក្នុងអត្រាមួយខ្ពស់ និងស្តែងឡើងតាមរយៈ ការសម្រេចបាននូវការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល (ODF) នៅស្រុកចំនួនពីរ គឺស្រុកស្វាយទាប និងស្រុករំដួល និងកំពុងបន្តឈានទៅសម្រេច គោលដៅ១០០% នៅក្នុងស្រុកផ្សេងៗទៀត នាពេលខាងមុខ។ ចំពោះគ្រួសារប្រជាពលរដ្ឋដែលមានទឹកស្អាតប្រើប្រាស់ មានចំនួន៨៥% គ្រួសារមានបង្គន់អនាម័យប្រើប្រាស់មានចំនួន ៩៦%។
* វិស័យការងារ និងវិនិយោគឯកជន៖ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១១កន្លែង កំពុងដំណើរការ ០៨កន្លែង សរុបទូទាំងខេត្ត មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២១៦កន្លែង ក្នុងនោះរោងចក្រសហគ្រាសចំនួន ១១៣កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណជាង ៨ម៉ឺននាក់ (កម្មកររោងចក្រ សហគ្រាស ជាង ៧០,០០០នាក់) រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដែលនាំឲ្យមានការប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប៉ះពាល់ដល់ការងាររបស់បងប្អូនកម្មករនិយោជិតមួយចំនួន ជាក់ស្តែង នៅខេត្តស្វាយរៀង មានរោងចក្រសហគ្រាស ត្រូវបានព្យួរការងារ គិតមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មាន១៨រោងចក្រ សហគ្រាស មានកម្មករនិយោជិត សរុប១០,៦២៨នាក់ (ស្រី៨,០៨៥នាក់) ក្នុងនោះ មានកម្មករនិយោជិត បានទទួលប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ចំនួន៤០ដុល្លារ ក្នុងមួយខែ ចំនួន៨,២០២នាក់។
* វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៖ នៅក្នុងខេត្តស្វាយរៀង មានរោងចក្រផ្នែកឧស្សាហកម្មធុនធំ សរុបចំនួន១១៩កន្លែង បង្កើតការងារជូនប្រជាពលរដ្ឋ ចំនួន៥៨,៤៩៧នាក់ និងមានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម សរុប៤,៨៦៥មូលដ្ឋាន ដែលជាមូលដ្ឋានផលិតកម្ម ប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក ដែលផ្តល់ការងារដោយផ្ទាល់នៅមូលដ្ឋាន សរុបចំនួន៨,៤៧៤នាក់ ស្រ្តី៤,៤៩១នាក់ ដែលមានដើមទុនសរុប ១៧,១៩៥,៣២០ដុល្លារ នៅក្នុងនោះប្រភពទុនវិនិយោគនៅក្នុងស្រុកមានប្រមាណជាង៩០% ហើយបាននិងកំពុងផលិតនូវផលិតផលចំនួន ២៩មុខទំនិញ សម្រាប់បម្រើឲ្យសេចក្តីត្រូវការប្រើប្រាស់នៅក្នុងស្រុក។
* ការងារពាណិជ្ជកម្ម៖ អនុវត្តតាមគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកម្ពស់ វិស័យពាណិជ្ជកម្ម គិតមកដល់ពេលនេះ ខេត្តស្វាយរៀង មានផ្សារ ចំនួន២០កន្លែង ក្នុងនោះផ្សាររបស់រដ្ឋមាន ១១កន្លែង និងផ្សារវិនិយោគឯកជន ០៩កន្លែង និងមានផ្សារត្រី០១កន្លែង នៅក្រុងបាវិត។
* វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៖ ការងារចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ៖ បានដំណើរការអនុវត្តក្នុងភូមិចំនួន ២៥០ភូមិ ៣៣ឃុំ សង្កាត់ ៨ក្រុង ស្រុក, បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៤,៧៥០ក្បាលដី។ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ បានចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុចំនួន ១៧៧,៧៣៥ក្បាលដី។
* វិស័យរ៉ែ និងថាមពល៖ ខេត្តស្វាយរៀង មានប្រភពអគ្គិសនីសំខាន់ៗចំនួន០៣ គឺ ពីប្រទេសវៀតណាម ពីរាជធានីភ្នំពេញ និងផលិតផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់ចែកចាយជូនប្រជាពលរដ្ឋ ប្រើប្រាស់បានប្រមាណ៨០,៩៩៥គ្រួសារ ស្មើនឹង៥៤% នៃគ្រួសារសរុប១៤៩,៨៩១គ្រួសារ និងកំពុងខិតខំពង្រីក បណ្តាញអគ្គិសនីឲ្យបានច្រើនថែមទៀតស្របតាម ទិសដៅរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២០ ត្រូវមានបណ្ដាញអគ្គិសនីចូលដល់គ្រប់ភូមិទាំងអស់។
* ការងារពន្ធដារ៖ ក្នុងឆ្នាំ២០១៩ សរុបចំណូលថវិកាជាតិមាន៣២,៣១០,៣៩១,៨១៣រៀល ស្មើនឹង១៩៧.១៥% នៃផែនការឆ្នាំ បើប្រៀបធៀបនឹងឆ្នាំមុន រយៈពេលដូចគ្នា កើនឡើង១៣៧.០៩% ក្នុងនោះចំណូលថវិកាថ្នាក់ជាតិ មានចំនួន១១,៣៩១,៦៧៩,៥៣០រៀល កើនឡើង៩៥.៨៤% និងថវិកាថ្នាក់ក្រោមជាតិ មានចំនួន ២០,៩១៨,៧១២,២៨៣រៀល កើនឡើង១៦៧.៤៦%។
* ការងារទេសចរណ៍៖ ខេត្តស្វាយរៀង មានរមណីយដ្ឋានទេសចរណ៍០៣កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានធម្មជាតិព្រៃបាសាក់ ដែលមានទីតាំងស្ថិតនៅ ឃុំបាសាក់ ស្រុកស្វាយជ្រំ មានចម្ងាយពីទីរួមខេត្តប្រមាណ៨គីឡូម៉ែត្រ និងមានប្រាសាទជាហោ ដែលជាប្រាសាទបុរាណ ស្ថិតនៅភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ពីទីរួមខេត្ត ព្រមទាំងមានកន្លែងកម្សាន្តទេសចរណ៍ ដែលរៀបចំដោយរដ្ឋបាលខេត្ត រួមមាន ច្រាំង និងសួនច្បារទន្លេវ៉ៃគោ ព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង៕