(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា ការតភ្ជាប់រវាង ព្រះកេសទៅនឹងដងខ្លួនរបស់បដិមាព្រះហរិហរៈ នៅព្រឹកថ្ងៃទី២១ ខែមករានេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងបារាំង ជាពិសេសរវាងនាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ ជាមួយនឹងសារមន្ទីរសិល្បៈអាស៊ីហ្គីម៉េ។
ប្រទេសទាំងពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីសស្តីពីការប្តូបញ្ញើវត្ថុសិល្បៈ ដែលបានអនុញ្ញាតឱ្យព្រះសិរ្យ (ព្រះកេស) និងដងខ្លួនបដិមាព្រះហរិហរៈ បានជុំគ្នានៅប្រទេសកម្ពុជា ដូចដែលបានអនុញ្ញាតឱ្យជើងទម្រ និងបដិមាព្រះនាងឧបរាំ បានជួបជុំគ្នា នៅប្រទេសបារាំងដែរ។
ព្រះសិរ្យរបស់បដិមាព្រះហរិហរៈ បានបាត់ពីប្រទេសកម្ពុជា អស់រយៈពេលជិត១៣០ហើយ។ រូបព្រះហរិហរៈនេះជាវត្ថុសក្ការៈ និងសិល្បៈដ៏ប្រណីតរបស់ខ្មែរក្នុងរចនាបថភ្នំដា នាសតវត្សទី៦-៧។ ជានិម្មិតរូប ការបង្រួមព្រះហរិហរៈ បាននាំឱ្យមានសន្តិភាព និងឯកភាពគ្នារវាងអ្នកកាន់នីកាយខាងព្រះឥសូរ និងព្រះនារាយន៍ ចំពោះព្រះ «តែមួយអង្គ»៕