(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា មានសកម្មជននយោបាយ នៃគណបក្សមួយ បានប្រឌិតរូបភាពប្រមាថសម្តេច នៅលើបណ្តាញសង្គម Facebook នៅពេលដែលសម្តេចទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី។
ការអះអាងនេះ បានធ្វើឡើងនៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចត្រឡប់មកដល់ប្រទេសកម្ពុជា នាវេលាថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ។
សម្តេចនាយករដ្ឋមន្រ្តី បានជំរុញឱ្យសកម្មជននយោបាយទាំងនោះ កែប្រែអត្តចរឹតឡើងវិញ ដោយសារតែជាទង្វើគ្មានប្រយោជន៍ ហើយប៉ះពាល់ដល់អ្នកដទៃ។ សម្តេចបានសរសេរយ៉ាងដូច្នេះថា «សម្រាប់អស់លោកមួយចំនួនតូចដែលចង់ឱ្យខ្ញុំស្លាប់តាមរយៈការផ្សាយព័ត៌មានប្រឌិតរហូតបង្កើតរូបភាពបង្ហោះតាមប្រព័ន្ឋ Facebook សូមប្អូនៗ ឬក្មួយៗមេត្តាកែរប្រែអត្តចរិតពាលនេះចេញទៅ ព្រោះវាគ្មានផលប្រយោជន៍សំរាប់អស់លោកនោះឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «តាមការស្រាវជ្រាវ អស់លោកគឺជាសកម្មជននៃបក្ស នយោបាយ ដែលមេដឹកនាំរបស់អស់លោកមួយចំនួនជាជនពាល និងជាជនបោកប្រាស់អាជីព។ ពួកគេបានហ្វឹកហ្វឺនតាមរបៀបក្មេងពាលដែលសង្គមស្អប់ខ្ពើម។ ពេលមានបញ្ហាគេតែងតែរត់ចោលស្រុកនិងទុកឱ្យថ្នាក់ក្រោមជាប់គុកជំនួស។ ប្អូនៗ ក្មួយៗមិនមានខាតបង់អ្វីនោះទេ ដោយគ្រាន់តែមិនបានជេរប្រមាថ អ្នកដទៃនោះ។ ផ្ទុយទៅវិញអស់លោក និងទទួលបានផលចំណេញដោយមិនបានកសាងអំពើបាបនិងមិនបានជាប់គុកដោយសារតែមិនបានសាងអំពើរខុសច្បាប់»។
នាពេលកន្លងទៅ ក៏មានសកម្មជនមួយចំនួន បានប្រឌិតរូបភាពប្រមាថថ្នាក់ដឹកនាំ រួមមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ រូបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលថតជុំគ្រួសារ នៅពេលទៅកម្សាន្តនៅខេត្តព្រះសីហនុ នាថ្មីៗនេះ ក៏ត្រូវបានជនខិតខូចយកមកកែច្នៃជាលក្ខណៈប្រមាថមិនសមទំនង។
ដោយយល់ឃើញពីបញ្ហានេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅ គណបក្សសង្រ្គោះជាតិ បានអំពាវនាវជាថ្មីម្តងទៀត ឱ្យថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រខ្លួនទាំងអស់ រក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិ បញ្ចេញយោបល់ ឬការរិះគន់បែបអសីលធម៌ តាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្វែងរកការផ្សះផ្សារជាតិ និងឯកភាពជាតិ។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា ហាក់ពុំទាន់ជឿជាក់ ទៅនឹងការអនុវត្តរបស់ថ្នាក់ដឹកនាំ សកម្មជន រួមទាំងអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ ជុំវិញការបញ្ឈប់ ប្រើប្រាក់ពាក្យជេរប្រមាថ និងរិះគន់បែបអសីលធម៌ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងស្រុងនោះទេ ៕