(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិចំនួន១៧២រូប តាមបណ្តាអង្គភាពចំណុះឲ្យស្នងការដ្ឋាន ចំពោះការខិតខំអនុវត្តតួនាទី ភារកិច្ចកន្លងមក ក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ពិធីនេះធ្វើឡើងក្រោមអធិបតីនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងពិធីនេះដែរមានការបំពាក់ឋានន្តរស័ក្តិសរុបចំនួន១១៣រូប ថ្នាក់ឧត្តមសេនីយ៍ត្រី០៤រូប ថ្នាក់វរសេនីយ៍ឯក ១១រូប ថ្នាក់វរសេនីយ៍ទោ ៦០រូប ថ្នាក់វរសេនីយ៍ត្រី ៣៧រូប និងផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងសរុបចំនួន៥៩រូប ថ្នាក់នាយការិយាល័យ ០២រូប ថ្នាក់នាយរងការិយាល័យ ២០រូប ថ្នាក់អធិការរង ២៧រូប ថ្នាក់នាយផ្នែកអធិការដ្ឋាននគរបាលខណ្ឌ ០៣រូប និងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ០៧រូប។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឡើងប្តេជ្ញាចិត្តតំណាងឲ្យនាយនគរបាលជាតិ ចំពោះមុខគណៈអធិបតី។
បន្ទាប់ពីលោកស្នងការរងបានឡើងប្តេជ្ញាចិត្តរួច ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជើញមានមតិសំណេះសំណាល ដោយបានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារ សន្តិសុខសុវត្ថិភាព ជាពិសេសបានផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ម្យ៉ាងវិញទៀត មន្ត្រីទើបតែងតាំងថ្មីត្រូវគោរពវិន័យកងកម្លាំងឱ្យបានល្អ ត្រូវបង្ហាញអាកប្បកិរិយា និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ជាមួយនោះដែរ។
ឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងក្រុមការងាររបស់អធិការខណ្ឌ និងប៉ុស្តិ៍ដែលតែងតែតាមដាន ឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស បន្ទាប់ពីទទួលបានខំមិនអំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃឡើយ។
លោកស្នងការបានសង្កត់ធ្ងន់ថា គ្រប់អង្គភាពទាំងអស់ត្រូវគ្រប់គ្រងវត្តមានមន្ត្រីឱ្យបានល្អ មួយវិញទៀតមិនអត់ឱនឱ្យដាច់ខាតចំពោះមន្ត្រីណាដែលប្រព្រឹត្តិខុសពីវិន័យកងកម្លាំង មន្ត្រីអនុវត្តខុសអាចត្រូវដាក់ពិន័យ បើធ្ងន់ធ្ងរគឺបណ្តេញចេញពីក្របខណ្ឌ ហើយអនុវត្តបន្តតាមនីតិវិធីច្បាប់។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជូនដល់អង្គពិធីទាំងមូល។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានសម្តែងការអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទើបទទួលបានការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្តិថ្មី ហើយអគ្គស្នងការរងបានណែនាំដល់ កម្លាំងទាំងអស់ ត្រូវតែគោរពវិន័យកងកម្លាំងឱ្យបានល្អ។
នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ការងារគ្រប់គ្រង ដឹកនាំ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់របស់លោកស្នងការ ដែលតែងតែចុះសួរសុខទុក្ខជាប្រចាំដល់មន្ត្រីដែលមានជំងឺ គ្រោះថ្នាក់ចរាចរណ៍ និងមន្ត្រីដែលជួបបញ្ហាប្រឈមផ្សេងៗ៕