(ភ្នំពេញ)៖ របាយការណ៍បានបង្ហាញថា កម្ពុជាទទួលបានថវិកាប្រមាណ៣លានដុល្លារអាមេរិក ពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា រយៈពេល២ខែមកនេះ។ នេះបើតាមរបាយការណ៍ ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាព្រឹកទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
របាយការណ៍ដែលត្រូវបានអានដោយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក រយៈពេល២ខែ (ឧសភា-មិថុនា) បានពិន័យសរុបចំនួន ៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន ៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន ២២.៣៦៤ករណី ស្មើ២៧%។ អនុវត្តការបង់ប្រាក់ពិន័យ តាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន ១២.៥០១.១៨៥.០០០រៀល (ជាង ៣លានដុល្លារ) ក្នុងនោះមិនទាន់បង់ប្រាក់ពិន័យចំនួន២០%»។
បើតាមរបាយការណ៍លោកស្រី មឹន មាណវី, ប្រតិបត្តិការពិនិត្យអនុវត្តច្បាប់ ប្រចាំឆមាទី១ ឆ្នាំ២០២០ ទទួលលទ្ធផលដូចជា បានត្រួតពិនិត្យយានយន្ដសរុប ចំនួន ៩៨៧.០០៣គ្រឿង ក្នុងនោះម៉ូតូចំនួន៦១% ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន ២៣៤.១១៤គ្រឿង ស្មើនឹង២៤% ក្នុងនោះម៉ូតូចំនួន៦៥%។
របាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន ៨១៦នាក់ និងរបួសចំនួន ២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។
លោកស្រីរៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន ៥៥២លើក ស្មើ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន ១៧២នាក់ស្មើ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ៧៧៨នាក់ ស្មើ២៤% (២.៤៤៩/៣.២២៧នាក់)។
ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។ ការរឹតបន្តឹងនេះ ដំបូងឡើយទទួលប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ប៉ុន្តែទោះជាយ៉ាងនេះក្តី មានការអះអាងថា បន្ទាប់ពីមានការរឹតបន្តឹងនេះ ធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការធ្លាក់ចុះផងដែរ៕