(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមទាំងលោក លោកស្រី ជាសមាជិក សមាជិកាសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង អាជ្ញាធរក្រុង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ កុមារកំព្រាសរុបចំនួន១០១គ្រួសារ មកពីសង្កាត់ចំនួន ៥ក្នុងក្រុងក្រចេះ។
ឱកាសនោះដែរលោក វ៉ា ថន ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិត គូរពីសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។
លោកបានបញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល គឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងប្រជាពលរដ្ឋ ងាយរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីជួយសម្រាកនូវទុក្ខលំបាក បានមួយរយៈផងដែរ។
លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋានឱ្យបានស្អាត និងថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចូលរួមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗនៅក្នុងភូមិស្ថាន ដើម្បីជាជំនួយដល់ដល់ជីវភាព កាន់តែល្អប្រសើរឡើង។
ក្នុងឱកាសនោះដែរលោក វ៉ា ថន ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងការចុះត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពបងប្អូនគ្រួសារក្រីក្រ ការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីផ្តល់សាច់ប្រាក់ជូនពួកគាត់ប្រកបដោយភាពសុក្រិត្យ តម្លាភាព និងប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះជីវភាពប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ននូវជំងឺកូវីដ-១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ និងជំរុញចុះដោះស្រាយឱ្យបានទាន់ពេលវេលា ចៀសវាងបញ្ហាទំនាស់ ការក្លែងបន្លំ និងបានស្នើសុំឱ្យបងប្អូនចូលរួមសហការ ជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មានសុក្រិត្យត្រឹមត្រូវ ចៀសវាងការក្លែងបន្លំ ដើម្បីផ្តល់ឱកាសដល់បងប្អូនដែលជាជនរងគ្រោះពិតប្រាកដ ដែលកំពុងស្វែងរកជំនួយ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០១គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០ កំប៉ុង មី ១កេះ ឃីត ១កញ្ចប់ ថវិកា ២ម៉ឺនរៀល និងសម្ភារការពារជំងឺកូវីដ-១៩៕