(ភ្នំពេញ)៖ សមាគមអចលនទ្រព្យសកល(GRA) ដែលមានលោក សំ សុខនឿន ជាប្រធាន ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះក្នុងបញ្ជីសមាគមផ្លូវការហើយ ។ សមាគមនេះ មានអាសយដ្ឋានទីស្នាក់ការកណ្ដាល នៅផ្ទះលេខ១២ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសេចក្ដីប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីសមាគម ចុះហត្ថលេខាដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ បានបញ្ជាក់ថា សមាគមអចលនទ្រព្យសកល ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយមានលិខិតបទដ្ឋានគតិយុត្ត និងលក្ខន្ដិកៈរបស់ខ្លួន តម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានឲ្យដឹងថា ការផ្ដួចផ្ដើតគំនិតបង្កើតសមាគមនេះឡើង គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងសំខាន់ៗ ដូចជាជំរុញ និងលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជា ។ ធ្វើការផ្សព្វផ្សាយវគ្គបណ្ដាលឲ្យមានការយល់ដឹងពីវិស័យអចលនទ្រទ្យដល់សមាជិកសមាគម ។
ការរៀបចំចងក្រងអ្នកពាក់ព័ន្ធ ដែលកំពុងធ្វើប្រតិបត្តិការលើវិស័យអចលនទ្រព្យ ដើម្បីចែករំលែកព័ត៌មាន ផ្ដល់ចំណេះដឹង បទពិសោធន៍ ប្រឹក្សាយោបល់ ទស្សនកិច្ចសិក្សា សិក្ខាសាលា និងវេទិកាផ្សព្វផ្សាយនានា ។ ជំរុញកិច្ចសហការប្រតិបត្តិការរវាងអ្នកវិនិយោគអចលនទ្រព្យក្នុងស្រុក និងក្រៅស្រុក ឬដៃគូពាក់ព័ន្ធនានា លើវិស័យអចលនទ្រព្យ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម ។ លោក សំ សុខនឿន បន្ថែម ។
ប្រធានសមាគមដដែល បញ្ជាក់បន្ថែមថា គោលដៅរបស់សមាគម គឺចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង តាមរយៈការផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីវិស័យអចលនទ្រព្យ ព្រមទាំងស្វែងរកទីផ្សារជូនសមាជិកសមាគម ។ ឯបេសកកម្មចម្បងរបស់សមាគម គឺជាស្ថាប័នដែលមានភារកិច្ចបង្កើត និងជំរុញការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអ្នកវិនិយោគអចលនទ្រព្យក្នុងស្រុក និងក្រៅស្រុក ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ៕