(ភ្នំពេញ)៖ ទោះបីជាមានការសម្រេចឱ្យសហជីព៥នាក់ នៅខេត្តកំពង់ស្ពឺ នៅក្រៅឃុំក៏ដោយ ប៉ុន្តែប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានអំពាវនាវឱ្យតុលាការបន្តទម្លាក់ចោលទាំងអស់ រាល់ការចោទប្រកាន់ដល់សហជីពទាំង៥នាក់នេះថែមទៀត។
សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានសម្រេចដោះលែងមន្រ្តីសម្ព័ន្ធចលនាកម្មករ៥នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែតុលាការបានដាក់ពួកគាត់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ និងបំបិទសិទ្ធិសេរីភាពមួយចំនួន ។ តុលាការសម្រេចដូចជា ១.ឱ្យសហជីពទាំង៥នាក់នោះ ត្រូវចូលទៅបង្ហាញខ្លួននៅចំពោះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ រៀងរាល់មួយខែម្តង ក្នុងអំឡុងពេលថ្ងៃទី០១ ដល់ថ្ងៃទី០៣នៃខែ នីមួយៗ ចាប់ពីពេលនេះតទៅ។ ២. មិនត្រូវផ្លាស់ប្តូរ កន្លែងស្នាក់អាស្រ័យ ដោយមិនបានជូនដំណឹង រឺមិនបានអនុញ្ញាត ពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ។ ៣. ត្រូវឆ្លើយតបគ្រប់បុគ្គលិក ដែលបានចាត់តាំងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។ ៤. ហាមមិនឲ្យនៅក្បែរបរិវេណក្រុមហ៊ុន រោងចក្រអ៊ែដ្យាយ៍ស្វេតថឺ ចម្ងាយ១០០ម៉ែត្រ និង ៥. ហាមមិនឲ្យមានទំនាក់ទំនងជាមួយកម្មករ រោងចក្រអ៊ែដ្យាយ៍ស្វេតថឺ ចាប់ពីពេលនេះតទៅជាដើម។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធសហជីពចលនាកម្មករ អះអាងថា ខ្លួនទទួលយកមិនបាននោះទេ ចំពោះការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺបែបនេះ ហើយថា ការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ ដែលតម្រូវឲ្យមន្រ្តីសម្ព័ន្ធសហជីពចលនាកម្មករ ទាំង៥រូបបំពេញកាតព្វកិច្ចខាងលើ គឺជាការរំលោភសិទ្ធសេរីភាព របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន កម្មករ៥នាក់ ដែលជាសមាជិកសហជីពសម្ព័ន្ធចលនាកម្មករ បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅម្តុំរោងចក្រ Agile sweater ដែលស្ថិតនៅភូមិតាអោង ក្រុងច្បារមន ជាពេលដែលកម្មករ ទាមទារលក្ខខណ្ឌការងារ ៩ចំណុចពីថៅកែ ហើយក្រោយមកក៏បានដោះលែងវិញ ដោយសម្រេចឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីសហជីពព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ និងធ្វើយុទ្ធនាការស្វែងរកអន្តរាគមន៍ជាបន្តបន្ទាប់ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ៕