(ភ្នំពេញ)៖ តាមរយៈការពិភាក្សាការងារក្នុងប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) Qibi Tech របស់ជប៉ុន បានយល់ព្រមសិក្សាស្រាវជ្រាវរួមគ្នា លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញ បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) ដែលនឹងរៀបចំនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា នាពេលដ៏ឆាប់ខាងមុខ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA)។
ក្នុងជួបពិភាក្សាការងារនោះ លោកបណ្ឌិតសភាចារ្យ សុខ ទូច និងថ្នាក់ដឹកនាំក្រុមហ៊ុន បានឯកភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នានាពេលដ៏ឆាប់ខាងមុខ។
សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (Artificial Intelligence) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រ ដែលអាចបង្កើតនូវម៉ាស៊ីន ឬមនុស្សយន្តមួយវៃឆ្លាតដែលអាចធ្វើការ និងឆ្លើយតបនឹងតម្រូវការការងារ ដូចមនុស្ស។ ចំណុចសំខាន់របស់ IA គឺរួមបញ្ចូលដោយការសរសេរកូដកុំព្យូរទ័រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ បច្ចុប្បន្ននេះ IA បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា៕