(ភ្នំពេញ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំដាំកូនគ្រញូងជាង ២០០ដើមបន្ថែមទៀត នៅសាកលវិទ្យាល័យការពារជាតិ ដោយមានការចូលរួមពីនិស្សិតនាយទាហានជាន់ខ្ពស់វគ្គការពារជាតិ វគ្គបញ្ជាការសេនាធិការ វគ្គបរិញ្ញាបត្រជាន់ខ្ពស់ជាច្រើននាក់ផងដែរ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃទី៧ ខែកក្កដា ជាខួប១២ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០២០) ជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ នៃការចុះបញ្ជីដាក់ ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ គឺមានរយៈពេល១២ឆ្នាំហើយដែលប្រាសាទព្រះវិហារ ក្នុងបុព្វហេតុការពារផង អភិរក្សផងក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតពេលនេះ ម៉ោងនេះ បានក្លាយជាតំបន់ប្រវត្តិសាស្ត្រយោធា ជារមនីយដ្ឋានទេសចរណ៍ ប្រកបដោយសុខ សុវត្ថិភាពនិងការអភិវឌ្ឍន៍ មិនតែប៉ុណ្ណោះកងកម្លាំងយើងតាមបន្ទាត់ព្រំដែន ឈរជើងយ៉ាងរឹងមាំ អនុវត្ត តាមជំហរចង់បានសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរបស់សម្តេចតេជោ ដើម្បីការរស់នៅប្រកប ដោយសុខដុមរម្យនារបស់ប្រជាជនយើង។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា «ថ្ងៃ៧កក្កដា គឺជាថ្ងៃមោទនភាពជាតិខ្មែរ ធំធេងបំផុត ជាថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក បានធ្វើឲ្យពិភពលោកទទួល ស្គាល់ថា កម្ពុជាជាម្ចាស់នៃប្រាសាទព្រះវិហារ ហើយវប្បធម៌ និងស្ថាបត្យកម្ម ដែលមានអាយុកាលជាង ១.០០០ឆ្នាំ នៅលើកំពូលភ្នំដងរែកនេះបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ដែលគេឲ្យតម្លៃខ្ពស់បំផុត គឺធ្វើឲ្យពិភពលោកដឹងថា មរតករបស់ខ្មែរជារតនៈរបស់កម្ពុជាហើយបានក្លាយទៅជាសម្បត្តិពិភពលោក»។
សូមរម្លឹកថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទដាក់បញ្ចូល ប្រាសាទព្រះវិហារ ដែលជាស្ថាបត្យកម្មរបស់ខ្មែរបានសាងនៅសម័យអង្គរ ស្ថិតនៅចុងភាគខាងត្បូង នៃថ្មលយនៃភ្នំព្រះវិហារ មានកម្ពស់៦២៥ម៉ែត្រ លើជួរភ្នំដងរែកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលមាន តម្លៃជាសាកល ក្រោមសេចក្ដីសម្រេច 32 COM 8B.102។
មួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី១៤ កក្កដា ២០០៨ ពិធីអបអរសាទរមួយត្រូវបានរៀបចំឡើង នៅក្នុងពហុកីឡាដ្ឋានជាតិ។ ព្រឹត្តិការណ៍បានពង្រឹងបន្ថែមទៀតនូវឯកភាពជាតិទំាងមូល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកតម្កើងមោទនភាពជាតិតាមរយៈការសម្រេចស្នាដៃរបស់យើង។
ក្នុងព្រឹត្តិការណ៍ព្រំដែនទិសប្រាសាទព្រះវិហារ ទិសប្រាសាទតាមាន់តាក្របី ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ថ្ងៃដែលតុលាការអន្តរជាតិបកស្រាយ សាលដីកាឆ្នាំ១៩៦២ នោះបានបញ្ជាក់ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយក្នុងជំហរចង់បានសន្តិភាពតាមបន្ទាត់ព្រំដែន និងគោលនយោបាយ កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន។ កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទសវត្សមកហើយ ទើបត្រូវបានបញ្ចប់ ដោយនយោបាយឈ្នះ!ឈ្នះ!របស់ សម្តេចតេជោ ប្រការបានធ្វើឲ្យប្រជាជនកម្ពុជាគ្របស្រទាប់វណ្ណៈទាំងមន្ត្រីរាជការ សិស្សនិស្សិត ព្រះសង្ឃ ចូលរួមយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភ គាំទ្រដល់កងកម្លាំងឈរជើងនៅព្ឬំដែន។
កម្ពុជាត្រូវតែការពារបូរណភាពទឹកដីទោះត្រូវលះបង់យ៉ាងណាក៏ដោយ ប៉ុន្ដែជាតិទាំងមូលមានការ អត់ធ្មត់ប្រកបដោយវិចារណញ្ញាណ ដោយទុកបញ្ហានេះជូនរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី។
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៨ សម្តេចតេជោ បានដាក់ចេញនូវបទបញ្ជាដ៏មានប្រសិទ្ធភាព នោះគឺឲ្យកងទ័ពរក្សានូវភាពអត់ធ្មត់ ដាច់ខាតមិនផ្ទុះអាវុធ អ្វីៗត្រូវដោះស្រាយដោយការចរចា តែក៏មិនឲ្យបាត់ដី។ បទបញ្ជានេះត្រូវបានមេបញ្ជាការរបស់យើងដឹកនាំអនុវត្តដោយជោគជ័យរហូតសម្រេចបានការ បោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ បានប្រព្រឹត្តទៅដោយរលូន ប្រជាពលរដ្ឋភ្លូកទឹកភ្លូកដីបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញឡើងបួងសួងសុំសន្តិភាព នៅលើប្រាសាទព្រះវិហារឆ្លងកាត់ហ្វូងទាហានសៀមនៅវត្តកែសិក្ខាគីរីស្វារៈ។ វីរភាពដ៏អង់អាច ក្លាហាននេះ បានធ្វើឲ្យកងកម្លាំងយើងកាន់តែមានទឹកចិត្តលើកកំពស់ឆន្ទៈការពារទឹកដីរពស់ខ្លួន។
ប្រៀបការពារជាតិត្រូវបានពង្រឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការកសាងហេដ្ឋារចនាសម័ន្ធ ស្ពាន ថ្នល់ ផ្តល់នូវការបំពាក់ដល់កងទ័ពមានគ្រប់លទ្ធភាព សមត្ថភាព ប្រយុទ្ធ សាលារៀន មន្ទីរពេទ្យ កសាងអណ្តូងទឹក កសាងផ្ទះស្នាក់នៅគ្រួសារកងទ័ពរាប់ពាន់ខ្នងបង្កើត ជាភូមិអភិវឌ្ឍន៍កងទ័ពតាមជើងភ្នំដងរែកតំបន់ព្រំដែន ផ្តល់អង្ករ ផ្តល់មធ្យោបាយដល់គ្រួសារទ័ព បង្កបង្កើនផល។
វត្តមានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅតំបន់ប្រាសាទព្រះវិហារ ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១០ អញ្ជើញសម្ពោធសមទ្ធិផល និងចុះសួរសុខទុក្ខបានធ្វើឲ្យកងទ័ព កាន់តែមានលំនឹងពង្រីកបាននូវឆន្ទៈប្រយុទ្ធ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង។
ប្រការដែលនាំមកនូវជ័យជំនះនៅតំបន់ប្រាសាទព្រះវិហារ ដែលយើងសំរេចបានមកដល់ថ្ងៃនេះគឺ៖
*ទី១៖ ខ្មែរសម័យសម្តេចតេជោពេលនេះ វេញចូលគ្នាជាធ្លុងមួយ កសាងបានជាចលនាស្នេហាជាតិក្រោមដំបូលឆ័ត្រតែមួយ គឺការដឹកនាំរបស់រាជរដ្ឋាភិបាលកើតឡើងពីការបោះឆ្នាត កើតឡើងពី ឆន្ទៈពិតៗរបស់ប្រជាជន។
*ទី២៖ យើងមានសម្តេចតេជោ ហ៊ុន សែន មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភដល់កងទ័ព គ្រួសារទ័ពនិងប្រជាជនតាម បន្ទាត់ព្រំដែន មានលំនៅដ្ឋានថ្មី មានផ្លូវ គមនាគមន៍ខ្វាត់ខ្វែង មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសភូមិអភិវឌ្ឍន៍គ្រួសារទ័ពជាច្រើន តាមបន្ទាត់ព្រំដែន ធ្វើឲ្យកងទ័ពកាន់តែមានលំនឹង ។ រដូវភ្លៀងសម្តេចផ្តល់អាវភ្លៀង រដូវរងាសម្តេច ផ្តល់អាវរងារ។
*ទី៣៖ កងទ័ពសមរភូមិមុខមានឆន្ទៈប្រយុទ្ធអង់អាចក្លាហាន អនុវត្តសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួន ប្រៀបបានជាអ្នកចាំផ្ទះ ស្របតាមតាមប្រសាសន៍របស់សម្តេចតេជោ គឺយើងមិនចង់បាន ដីថៃ សូម្បីមួយមីល្លីម៉ែត្រ តែក៏មិនអនុញ្ញាតឲ្យគេឈ្លានពានយើងសូម្បីមួយមីល្លីម៉ែត្រដែរ។
*ទី៤៖ យើងមានការគាំទ្រជួយឧបត្ថម្ភពីស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា គ្រប់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរដែនដីខេត្តព្រះវិហារ ក្រុមហ៊ុនឯកជន អង្គភាពសម្ព័ន្ធមេត្រីទាំងអស់ ដែលបានជួយឧបត្ថម្ភ បង្កលក្ខណៈដល់កងទ័ពមានការរីកចំរើនរឹងមាំ ជាពិសេសការចូលរួមគាំទ្រពីប្រជា ពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។
*ទី៥៖ យើងទទួលបានការយកចិត្តទុកដាក់ក្នុងការដឹកនាំ ណែនាំ ដាក់ចេញនូវផែនការអនុវត្តបាន ត្រឹមត្រូវទាន់ពេលវេលាពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បង្កលក្ខណៈ ឲ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការគ្នាបានល្អ រវាងកងទ័ពនិងកងទ័ព រវាងកងទ័ពនិងកងកម្លាំង នគរបាលជាតិដែលជាប្រពៃណីដ៏ល្អផូរផង់។
ជារួម ជោគជ័យដែលយើងទទួលបាននេះជាជ័យជំនះ បានមកពីការរួមគ្នាអនុវត្តបទបញ្ជាតែមួយ គឺបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងសិទ្ធិស្វ័យការពារទឹកដីនៃកម្ពុជា។
កងយោធពលខេមរភូមិន្ទ សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីការប្តេជ្ញាចិត្តដ៏មោះមុត ពុះពារជំនះគ្រប់ឧបស័គ្គឆ្ពោះទៅសំរេចគោលដៅ ជាយុទ្ធ សាស្រ្ត ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនកម្ពុជាមួយមានភាពច្បាស់លាស់ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាពិសេសគាំទ្រការងារបោះបង្គោលខ័ណ្ឌសីមាព្រំដែន៕