(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន បានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ និងសន្តិសុខបាញ់ទឹកសំអាតផ្លូវថ្នល់ ស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសនៅតាម បណ្តោយផ្លូវព្រះសីសុវត្ថិ មុខព្រះបុរមរាជវាំង ក្រោយរថយន្តដឹកសំរាម របស់ក្រុមហ៊ុន CINTRI ពេលដឹកសំរាមបានបង្ហូរទឹកស្អុយ និងកាកសំណល់មកតាមផ្លូវ ។
លោក គួច ចំរើន បានអំពាវនាវ និងសុំការយោគយល់ដល់ម្ចាស់ក្រុមហ៊ុនដឹកសំរាមមួយនេះ ជួយពិនិត្យ និងណែនាំដល់អ្នកបើករថយន្ត មេត្តាជួយរៀបចំ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពេលលើកដាក់ទៅលើរថយន្ត ចៀសវាងការបង្ហូរទឹកស្អុយចេញពីកាកសំណល់ មកលើដងផ្លូវ ដែលនាំឲ្យធំក្លិនឆ្អេះឆ្អាប និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ជាពិសេសនោះភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវ និងទស្សនាកំសាន្តនៅតាមមាត់ទន្លេ។
អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា "ឡានដឹកសំរាម ហៀរទឹកស្អុយ ចេញពីឡាន សំអុយ ពេញមុខព្រះបរមរាជវាំង ម្សិលមិញលាង ថ្ងៃនេះបង្ហៀ ស្អុយដដែល" ។
ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់សំរាម នៅមុខផ្ទះឲ្យបានត្រឹមត្រូវ ជាពិសេសនោះ គឺការវេចខ្ទប់ តាមប្រភេទនៃសំរាម ងាយស្រួលដល់រថយន្ត របស់ក្រុមហ៊ុន CINTRI មកដឹកជញ្ជូនយកទៅចាក់ចោល៕
អភិបាលខណ្ឌដូនពេញ អំពាវនាវដល់ក្រុមហ៊ុន CINTRI ពិនិត្យមើលការដឹកជញ្ជូនសំរាម ក្រោយបង្ហូរទឹកស្អុយ និងកាកសំណល់លើផ្លូវ
Posted by Sheet on Wednesday, January 20, 2016