(កំពង់ធំ)៖ មេឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានសេចក្តីបំភ្លឺថា ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលទទួលបានបណ្ណសមធម៌ពិតជាមានជីវភាពក្រីក្រពិតប្រាកដមែន មិនដូចនឹងការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Faccbook ដោយភ្ជាប់ជាមួយនឹងផ្ទះក្បឿងធំនោះទេ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលឃុំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដានេះ។
រដ្ឋបាលឃុំបានឱ្យដឹងថា គ្រួសារទី១៖ ឈ្មោះ ពុំ ពេន ជាប្តី ឈ្មោះ ឃួន យ៉ុត ជាប្រពន្ធ មានកូនក្នុងបន្ទុកចំនួន៤នាក់ ក្នុងនោះកូនពិការម្នាក់ អាយុ១៥ខែ មានទីលំនៅភូមិវាលថ្នល់ ឃុំសាគ្រាម ដែលមានបណ្ណសមធម៌កម្រិត២ និងបើកប្រាក់លើកទី១ បានចំនួន ១៧៦,០០០រៀល។
បន្ថែមពីនេះសម្រាប់ផ្ទះក្បឿង២ខ្នង ដែលបានផ្សព្វផ្សាយលើ Facebook មិនមែនជាកម្មសិទ្ធិរបស់ពួកគាត់នោះទេ គឺជាផ្ទះរបស់កូនគាត់ជាមួយនឹងប្តីមុន ដែលបានទទួលមរណភាព ចំណែកប្តីសព្វថ្ងៃជាប្តីក្រោយ ហើយរស់នៅក្នុងស្ថានភាពតោកយ៉ាក។
គ្រួសារទី២៖ ឈ្មោះ អៀ ស៊ាប មានទីលំនៅភូមិវាលថ្នល់ ឃុំសាគ្រាម ជាស្ត្រីមេម៉ាយ មានសតិមិនល្អ ពិតជាមានជីវភាពក្រីក្រពិតប្រាកដមែន៕