(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានថ្លែងជំរុញឲ្យមន្ត្រីគយ និងរដ្ឋាករក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវខិតខំបំពេញភារកិច្ចបង្ការ បង្ក្រាបទំនិញគេចពន្ធតាមគ្រប់រូបភាព និងជួយទប់ស្កាត់ផលិតផលក្លែងក្លាយ ពីព្រោះផលិតផលក្លែងក្លាយវាជាកាំបិតមុខពីរដែលធ្វើឲ្យប៉ះពាល់សុខភាពខ្លាំងបំផុតដល់យើងទាំងអស់គ្នា។
ការថ្លែងជំរុញបែបនេះរបស់លោក ជា សុមេធី បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងលោក មួង ដារ៉ា ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង ជំនួសលោក កាំង លាង នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាខាគយ និងរដ្ឋាករខេត្ត។
លោកអភិបាលខេត្តបានថ្លែងទៀតថា «បច្ចុប្បន្ននេះស្ថិតក្នុងបរិបទដែលពិភពលោកកំពុងរងគ្រោះដោយសាររីករាលដាលជំងឺកូវីដ-១៩ គឺបានធ្វើឲ្យមានផលប៉ះពាល់សេដ្ឋកិច្ចដល់ប្រទេសជាច្រើន ក្នុងនោះប្រទេសកម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ផងដែរ»។ ដូច្នេះដើម្បីចូលរួមចំណែកការស្តារសេដ្ឋកិច្ចជាតិ លោកបានផ្តាំផ្ញើដល់លោក មួង ដារ៉ា ដែលទើបទទួលតំណែងថ្មីជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងជំនួសលោក កាំង លាង ដែលថ្នាក់លើបានផ្ទេរភារកិច្ចឲ្យទៅកាន់ជាប្រធានសាខាគយ និងរដ្ឋាករខេត្តសៀមរៀបនោះ សូមយកចិត្តទុកដាក់ក្នុងការដឹកនាំអង្គភាព ដើម្បីប្រមូលពន្ធអាករ និងកម្រៃផ្សេងៗតាមគោលច្បាប់ឲ្យបានគ្រប់ចំនួនទៅតាមផែនការដែលបានកំណត់។
ជាងនេះទៅទៀត ត្រូវខិតខំទប់ស្កាត់បទល្មើសគេចពន្ធឲ្យមានប្រសិទ្ធភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីគយ និងរដ្ឋាករកម្ពុជាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះត្រូវរក្សារសាមគ្គី ភាពផ្ទៃក្នុង និងក្រៅឲ្យបានល្អប្រសើរ។
ក្នុងឱកាសនេះដែរលោក នួន ចាន់រិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតំណាងលោកបណ្ឌិត គន់ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងកោតសរសើចំពោះលោក មួង ដារ៉ា ដែលបានខិតខំបំពេញភារកិច្ចក្នុងអាណត្តិជាប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ រហូតទទួលបានការទុកចិត្តពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំឡើងឋានៈជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង តាមសំណូមពរឯកឧត្តមបណ្ឌិត គន់ ញឹម។
ការផ្តល់និងការដំឡើងឋានៈថ្មីនេះ គឺជាការផ្តល់កិត្តិយសបន្ថែមស្របតាមទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងម្យ៉ាងទៀតក៏ជាការទទួលបន្ទុកនូវទម្ងន់ការងារបន្ថែមទៀតផងដែរ ដែលទាមទារឲ្យមានការ តម្កល់នូវគារវៈភក្តីភាពជានិច្ចចំពោះជាតិមាតុភូមិ រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លោក នួន ចាន់រិទ្ធ បានបន្ថែម។
លោកបន្តថា ត្រូវខិតខំយកអស់កម្លាំងកាយប្រាជ្ញាស្មារតី តាមការដែលអាចធ្វើទៅបានដើម្បីអនុវត្តបេសកកម្មរបស់អង្គភាព ស្របតាមចក្ខុវិស័យ និងតម្លៃជាមូលដ្ឋានដែលបានកំណត់ក្នុងយុទ្ធសាស្ត្រ កំណែទំរង់និងទំនើបកម្មគយ និងស្របតាមគោលនយោបាយនិងចក្ខុវិស័យពាក់ព័ន្ធផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក នួន ចាន់រិទ្ធ ក៏បានថ្លែងត្រេកអរចំពោះលោក កាំង លាង ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងចាស់ ដែលបានផ្លាស់ប្តូរទីកន្លែងបំពេញការងារ។ ការផ្លាស់ប្តូរទីកន្លែងការងារ គឺជាការធម្មតាក្នុងអាជីពជាមន្ត្រីគយ មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែក៏ដូចនៅទីកន្លែងដទៃផ្សេងទៀតនៅលើពិភពលោកផងដែរ។ ការផ្លាស់ប្តូរគឺជាការធម្មតា។ ការបំពេញភារកិច្ចថ្មីដោយ បានផ្លាស់ប្តូរទៅកន្លែងថ្មីតិច ឬច្រើនឹងផ្តល់បរិយាកាសការងារថ្មីមានក្រឡានុវត្តភាពផ្តល់នូវបទពិសោធថ្មី និងអាចភពប្រសព្វ និងភ័ព្វសំណាងថ្មីៗថែមទៀត ដើម្បីកសាងនូវស្នាដៃធំៗថ្មីទៀតតាមរយៈ ការងារថ្មី ដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់មន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ជាសហការី សហការិនីនៅទូទាំងប្រទេសដែលបានចូលរួមចំណែកបំពេញការងារ និងអនុវត្តដោយជោគជ័យនូវបេសកកម្មចំបងរបស់អង្គភាពខ្លួន គឺការប្រមូលចំណូលកិច្ចសម្រួលពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាពិសេសទំនិញរត់ពន្ធ៕