(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ការធ្វើវារីវប្បកម្មនៅកម្ពុជា (ការចិញ្ចឹមត្រី សិប្បីសត្វ) បានកើនឡើងពីបរិមាណ៥ម៉ឺនតោនក្នុងឆ្នាំ២០០៩ ដល់ជាង៣០ម៉ឺនតោន នៅឆ្នាំ២០១៩។
កំណើននេះដោយសារតែគោលនយោបាយដ៏ចម្បងរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋ និងកាត់បន្ថយក្នុងការដាក់សំពាធលើធនធានជលផល ក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យអនុវត្តតាមនៅតាមបណ្តាខេត្តនានា។
លោករដ្ឋមន្ត្រីបានលើកឡើងថា «ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ នៅឆ្នាំនា២០០៩ អនុវត្តបានត្រឹមតែ៥០ ០០០តោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើឡើងរហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួន ៧១ ៥៣៦តោន ហើយនឹងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២២លានក្បាល នេះបញ្ជាក់ឱ្យឃើញថា ទិន្នផលវារីវប្បកម្មកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរយៈពេល៥ឆ្នាំចុងក្រោយនេះ កំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ ដែលប្រជាកសិករបានទទួលយកនូវបច្ចេកទេសវារីវប្បកម្ម ដែលរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល បានអនុវត្តកន្លងមក»។
លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទៅនឹង ការប្រែប្រួលរបបទឹកទន្លេមេគង្គ ជាមួយនឹងការប្រែប្រួលភូមិសាស្រ្ត បឹង ព្រែក ស្ទឹង និងទន្លេ និងអាកាសធាតុ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារី-វប្បកម្ម នៃប្រទេសកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលផែនការនេះ អនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។ តាមរយៈផែនការយុទ្ធសាស្រ្តនេះ ជាគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤០ ០០០ តោន នាឆ្នាំ២០២៤ ខាងមុខនេះ ដែលមានកំណើន ជាមធ្យម២០% ជារៀងរាល់ឆ្នាំ។
លោកបន្តថា ដោយនៅក្នុងយុទ្ធសាស្រ្តនេះ ផ្តោតសំខាន់ទៅលើ៧ចំណុចសំខាន់ៗ៖ (១) គុណភាពពូជសម្រាប់ប្រភេទត្រីនានា (២) បង្កើនការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ (៣) ធានាបាននូវការផ្គត់ផ្គង់ចំណី ប្រកបដោយនិរន្តរភាព (៤) បង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័ន (៥) ថែរក្សាគុណភាពបរិស្ថាន និងកាត់បន្ថយដោយជំងឺ (៦) បង្កើនគុណភាព និងតម្លៃនៃផលិតផលវារីវប្បកម្មកែច្នៃ (៧) សម្របសម្រួលក្នុងការផ្តល់ នូវសេវាឥណទានវារីវប្បកម្ម៕